(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់យោធាសហរដ្ឋអាមេរិកម្នាក់បានលើកឡើងថា រូបលោករំពឹងថា ប្រទេសចិននឹងក្លាយជាការគំរាមកំហែងដ៏ធំធេងបំផុត ចំពោះប្រទេសជាតិរបស់លោក នៅពេលដល់ឆ្នាំ២០២៥ ហើយមេទ័ពអាមេរិករូបនេះ ដូចទៅនឹងប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែរ បានជំរុញបន្ថែមឲ្យមានការចំណាយយោធា កាន់តែសន្ធឹកសន្ធាប់ទៀត ដើម្បីរក្សាគុណសម្បត្តិប្រកួតប្រជែង លើទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
លោក ចូសិព ឌុនហ្វដ (Joseph Dunford) ដែលជាប្រធានអគ្គសេនាធិការចម្រុះយោធាអាមេរិក នាសប្តាហ៍នេះ បានថ្លែងនៅចំពោះមុខសភាអាមេរិកថា ចិនអាចនឹងក្លាយគេគូប្រជែងចម្បងរបស់សហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួរថា តើ រូបលោកនៅតែជឿជាក់ថា ការគំរាមកំហែងផ្នែកយោធាធំៗទាំងបី ចំពោះអាមេរិក គឺទីមួយ៖ រុស្ស៊ី ទីពីរ៖ ចិន និងទីបី៖ កូរ៉េខាងជើង ដដែលឬអត់ លោក Dunford បាននិយាយថា «ប្រសិនបើខ្ញុំសំឡឹងមើលទៅដល់ឆ្នាំ២០២៥ ហើយក្រឡេកមើលអត្រាប្រជាសាស្រ្ត និងស្ថានភាពសេដ្ឋកិច្ចខ្ញុំយល់ថា ចិនប្រហែលជានឹង បង្កការគំរាមកំហែងខ្លាំងក្លា ជាងប្រទេសណាៗទាំងអស់ ដល់ប្រជាជាតិរបស់យើង នៅត្រឹមឆ្នាំ២០២៥ខាងមុខ»។
គួរបញ្ជាក់ថា នាឱកាសនោះ លោក Joseph Dunford បានគូសបញ្ជាក់ថា យ៉ាងណាមិញឆ្នាំ២០២៥ គឺវានៅឆ្ងាយណាស់ ខណៈគិតត្រឹមខែកញ្ញា ឆ្នាំ២០១៧នេះ កូរ៉េខាងជើងឯណោះទៅវិញទេ ដែលបាននិងកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរជាងគេបង្អស់ នាពេលបច្ចុប្បន្ន ដោយសារតែភាពរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស នៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះ លោក Dunford នៅតែមានការកើតសរសើរចំពោះ សមត្ថភាពយោធាទាំងមូលរបស់រុស្ស៊ី ដែលនៅតែមានប្រៀបជាងចិនដដែលនាសព្វថ្ងៃនេះ៕