(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ជនស៊ីវិលសរុប១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយភេរវកម្មនៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន៕
២៖ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល នៅថ្ងៃពុធនេះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ការលួចមកដល់ដោយស្ងាត់ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis)៕
៣៖ តុលាការកំពូលថៃ នៅថ្ងៃពុធនេះបានសម្រេចចិត្តប្រកាសសាលក្រម កាត់ទោសកំបាំងមុខអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលបានរត់ភៀសខ្លួនទៅកាន់បរទេស កាលពីខែមុនឱ្យជាប់ពន្ធនាគារ ០៥ឆ្នាំ៕
៤៖ យានអវកាស OSIRIS-REx របស់អង្គការ NASA ដែលបានហោះមកឆ្វែលផែនដីជាលើកទី០២ កាលពីសប្តាហ៍មុនឆ្ពោះទៅកាន់គោលដៅអាចម៍ផ្កាយដ៏ធំមួយនោះបានបន្សល់ទុក រូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ នៃភពកំណើតរបស់វា៕
៥៖ កងទ័ពជើងទឹកអាមេរិកបានចំណាយលុយប្រមាណ ០៥ពាន់លានដុល្លារថែមទៀត នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន General Dynamics Electric Boat ដើម្បីធ្វើយ៉ាងណា ឲ្យនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី Columbia-class អាចធ្វើប្រតិបត្តិការបាន យ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់កូរ៉េខាងជើងថា បានធ្វើទារុណកម្មនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier មុននឹងរូបគេបានស្លាប់ កាលពីខែមិថុនាកន្លងទៅ៕