(បាកដាដ)៖ រដ្ឋាភិបាលតំបន់ឃើដ (KRG) នាថ្ងៃពុធនេះបានបដិសេធចោល ការទាមទារពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលចង់ឲ្យខ្លួនប្រគល់អាកាសយានដ្ឋានអន្តរជាតិនានា ទៅឲ្យទីក្រុងបាកដាដវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) បានបញ្ចេញប្រតិកម្មចំពោះការបោះឆ្នោតប្រជាមតិ ដើម្បីប្រកាសឯករាជ្យ ដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស្វយ័តឃើដ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយប្រាប់ទៅកាន់ KRG ឲ្យប្រគប់សិទិ្ធគ្រប់គ្រងនៃព្រលានយន្តហោះ អឺប្រ៊ីល (Erbil) និង ស៊ូឡៃម៉ានីយ៉ា (Sulaimaniya) ទៅឲ្យរដ្ឋាភិបាលទីក្រុងបាដាដ បើមិនដូច្នោះទេលោកនាយករដ្ឋមន្រ្តី នឹងផ្អាករាល់ជើងហោះហើរផ្ទាល់ទាំងអស់ ដែលចេញ-ចូលតំបន់ឃើដ នៅថ្ងៃសុក្រខាងមុខនេះ។
យ៉ាងណាមិញ រដ្ឋមន្រ្តីដឹកជញ្ជូនឃើដ លោក ម៉ូវលូដ មូរ៉ាដ (Mowlud Murad) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការរក្សាសិទ្ធិគ្រប់គ្រងនៃអាកាសយានដ្ឋានទាំងពីរ និងការរក្សាឲ្យមានជើងហោះហើរដោយផ្ទាល់ ទៅកាន់ទីក្រុង Erbil រដ្ឋធានីរបស់ឃើដ គឺចាំបាច់សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងសន្តិសុខឃើដ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានបន្តសម្តែងក្តីសង្ឃឹមថា វិបត្តិនេះអាចនឹងត្រូវដោះស្រាយបាន នៅមុនថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលវាក៏នឹងប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ចរបស់ឃើដផងដែរ។
គួរបញ្ជាក់ថា នាថ្ងៃដដែលនេះមេដឹកនាំឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) បានអះអាងថា ប្រជាជនឃើដភាគច្រើនលើសលប់ បានបោះឆ្នោតថា «Yes» ឬយល់ព្រមឱ្យអាជ្ញាធរឃើដ ប្រកាសឯករាជ្យបង្កើតរដ្ឋដោយខ្លួនឯង បើទោះជាមានការព្រមានពីប្រទេសជិត ជាពិសេសតួកគី និងអ៊ីរ៉ាក់ថាសង្រ្គាម និងអស្ថេរភាពនៅក្នុងតំបន់ អាចនឹងផ្ទុះឡើងក៏ដោយ។ ព្រមពេលជាមួយគ្នានោះដែរ ស្ថានីយ៍ទូរទស្សន៍ Kurdish Rudaw TV channel បានចេញផ្សាយថា ប្រជាជនឃើដជាង ៩០ភាគរយ បានបោះឆ្នោតថា «Yes» ដោយគ្រាន់តែនៅរង់ចាំលទ្ធផលចុងក្រោយ ដែលនឹងត្រូវចេញផ្សាយនៅក្នុងថ្ងៃពុធនេះប៉ុណ្ណោះ៕