(កាប៊ុល)៖ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល នៅថ្ងៃពុធនេះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការលួចមកដល់ដោយស្ងាត់ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis)។ ភ្លាមៗពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ហើយក៏ពុំមានសេចក្ដីរាយការណ៍ពីទំហំខូចខាត ព្រមទាំងជនរងគ្រោះដែរ ប៉ុន្តែអាជ្ញាធរអាហ្វហ្គានីស្ថានកំពុងសង្ស័យថា វាជាសា្នដៃក្រុមសកម្មប្រយុទ្ធតាលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
លោក James Mattis និងអគ្គលេខាធិការអង្គការណាតូ លោក ចេនស៍ ស្តូលធិនប៊ឺហ្គ (Jens Stoltenberg) បានលួចបំពេញដំណើរទស្សនកិច្ចស្ងាត់ៗ មកកាន់ទីក្រុងកាប៊ុលនៅថ្ងៃពុធនេះ ហើយដែលវាអាចនិយាយថា ជាដំណើរទស្សនកិច្ចលើកដំបូងបំផុត មកកាន់អាហ្វហ្គានីស្ថាន ចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រកាសពីយុទ្ធសាស្ត្រថ្មី កាលពីខែសីហាកន្លងទៅ។
ដោយឡែក បើតាមការគ្រោងទុក អ្នកទាំងពីរនឹងត្រូវជួបសំណេះសំណាលជាមួយកងទ័ពណាតូ និងអាជ្ញាធរអាហ្វហ្គានីស្ថាន ខណៈទីក្រុងវ៉ាស៊ីនតោន ទើបតែប្រកាសបញ្ជូនកងទ័ពបន្ថែមជាង ៣,០០០នាក់ ដើម្បីជួយជ្រោមជ្រែងកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល ដែលកំពុងជួបការលំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់។
គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិក ១១,០០០នាក់ កំពុងឈរជើងនៅអាហ្វហ្គានីស្ថាន ហើយមិនតែប៉ុណ្ណោះ ពួកគេក៏កំពុងជំរុញផងដែរឱ្យអង្គការណាតូ បង្កើនចំនួនទ័ពច្រើនជាង ១៣,០០០នាក់ បើទោះជាក្រុមតាលីបង់ព្រមានថា នឹងយកអាហ្វហ្គានីស្ថាន ធ្វើជាផ្នូរបញ្ចុះសពកងទ័ពអាមេរិកក៏ដោយ៕