(បាងកក)៖ នៅទីបំផុតដូចការចង់បានរបស់ លោក បា្រយុទ្ធ ចាន់អូចា តុលាការកំពូលថៃ នៅថ្ងៃពុធនេះបានសម្រេចចិត្តប្រកាសសាលក្រម កាត់ទោសកំបាំងមុខអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលបានរត់ភៀសខ្លួនទៅកាន់បរទេស កាលពីខែមុនឱ្យជាប់ពន្ធនាគារ ០៥ឆ្នាំ។ ទោះជាបែបនេះក្តី គេមិនទាន់ដឹងនៅឡើយទេថា រដ្ឋាភិបាលយោធាថៃនឹងស្នើធ្វើ បត្យាប័នលោកស្រី ឬយ៉ាងណានោះទេ ខណៈតុលាការចេញដីការចាប់ខ្លួនរួចហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
លោកស្រី Yingluck ដែលត្រូវបានរដ្ឋាភិបាលយោធាថៃសព្វថ្ងៃ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៤ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ០៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស ធ្វើឱ្យខាតបង់ថវិការដ្ឋជាង ៨ពាន់លានដុល្លារ នៅក្នុងក្របខណ្ឌនៃកម្មវិធីទិញស្រូវក្នុងតម្លៃថ្លៃពីកសិករ។ កម្មវិធីទិញស្រូវ នេះឯងជាគោលនយោបាយដ៏មានប្រជាប្រិយភាពបំផុត ដែលបាន ជួយឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ កាលពី២០១១។
តែយ៉ាងណាក៏ដោយ លោកស្រី Yingluck ធ្លាប់បានអះអាងថា លោកស្រីគ្មានទោសពៃអ្វីទាំងអស់ ហើយថែមទាំង ចោទប្រកាន់ដែរថាវាគ្រាន់តែជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប៉ុណ្ណោះ រីឯក្រុមអ្នកជំនាញមួយយល់ថាសាលក្រមនេះ មានគោលដៅលុបបំបាត់ឥទ្ធិពលនៃគ្រួសារត្រកូល ថាក់ស៊ីន ចេញពីប្រទេសថៃ។
គួរបញ្ជាក់ថា តុលាការកំពូលថៃ ធ្លាប់គ្រោងប្រកាស សាលក្រមកាលពីថ្ងៃទី២៥ ខែសីហា ម្ដងរួចមកហើយ ក៏ប៉ុន្តែត្រូវបានលើកពេលក្រោយទទួលបានដំណឹងថា លោកស្រី Yingluck មិនបានបង្ហាញខ្លួននៅក្នុងសវនាការ និងរត់ភៀសខ្លួនទៅក្រៅប្រទេស។ ចំណែកឯប្រភពព័ត៌មានស្និទ្ធនឹងគណបក្សភឿថៃ ក៏បានធ្លាប់ឱ្យដឹងដែរថា អតីតនាយករដ្ឋមន្ត្រីរូបនេះបានធ្វើដំណើរទៅកាន់ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំបងប្រុសរបស់ខ្លួនគឺលោក ថាក់ស៊ីន នៅទីក្រុងឌូបៃ៕
http://s3.reutersmedia.net/resources/r/?m=02&d=20160201&t=2&i=1113982994&r=LYNXNPEC1010N&w=1280