(ព្យុងយ៉ាង)៖ ថ្ងៃនេះយើងនឹងលើកយកសព្វាវុធខ្លាំងៗទាំង១០មុខ ប្រចាំយោធាកូរ៉េខាងជើង ជាប្រទេសដែលកំពុងលេចមុខលេចមាត់ ខាងធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដោយមិនញញើតកោតក្រែងសហគមន៍អន្តរជាតិ ហើយបច្ចុប្បន្នកំពុងតែមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។
ដំបូងឡើយវាហាក់បីដូចជារឿងកំប្លែង ក៏ប៉ុន្តែយោធាកូរ៉េខាងជើង គឺមិនមែនជា អ្វីដែលពិភពលោកគួរមើលរំលង និងមិនខ្វល់ខ្វាយនោះឡើយនាសព្វថ្ងៃនេះ ទោះបីជាសម្ភារៈរបស់ពួកគេ មកពីសតវត្សរ៍ណាក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Defencyclopedia.com នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
១៖ ប្រព័ន្ធកាំភ្លើងធំចល័តដោយស្វ័យប្រវត្តិ Koksan M-1989៖ ពេលខ្លះសព្វាវុធដ៏សាហាវ និងមានប្រសិទ្ធភាពបំផុត មិនចាំបាច់តែមានបច្ចេកវិទ្យាទំនើបនោះឡើយ។ Koksan M-1989 របស់កូរ៉េខាងជើង អាចបង្កគ្រោះថ្នាក់ខ្លាំងនៅក្នុងសមរភូមិ ខណៈការដែលពុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើន ធ្វើឲ្យវាធន់នឹងការរំខាន ឬធ្វើឲ្យគាំងពីសំណាក់សត្រូវ ដូច្នេះពួកវាអាចបន្តដំណើរការបានជាធម្មតា ទោះបីនៅក្នុងសមរភូមិនានា ដែលមានការរំខានផ្នែកអេឡិចត្រូនិចខ្លាំង ក៏ដោយ។
២៖ ប្រព័ន្ធមីស៊ីលការពារអាកាស និងប្រព័ន្ធកាំភ្លើងប្រឆាំងយន្តហោះ៖ ប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី SA-13 ដែលកែច្នៃពីប្រព័ន្ធដើមរបស់ប្រទេសរុស្ស៊ី មានសមត្ថភាពទ្វេដង ដោយអាចបាញ់មីស៊ីលបានច្រើនជាងមុន ដើម្បីការពារការវាយប្រហារផ្លូវអាកាស។ រីឯសម្រាប់ប្រព័ន្ធកាំភ្លើងប្រឆាំងយន្តហោះវិញ កូរ៉េខាងជើងមានដល់ជិត ១០,០០០ប្រភេទ តែប្រព័ន្ធដែលមានសមត្ថភាពជាងគេ គឺ Zsu-23-4 Schilika។
៣៖ នាវាមីស៊ីលខ្នាតតូចប្រភេទ Nongo-class៖ ទ័ពជើងទឹកកូរ៉េខាងជើង ពុំមាននាវាចម្បាំងខ្លាំងៗដំណើរការឡើយ ហើយនៅក្នុងករណីដែលមានសង្រ្គាមផ្ទុះឡើង រដ្ឋកុម្មុយនិស្តមួយនេះ គឺត្រូវប្រើប្រាស់តែក្រុមនាវាមុជទឹក រួមទាំងនាវាមីស៊ីលខ្នាតតូចរបស់ខ្លួន។ យ៉ាងណាមិញ ពួកនាវាខ្នាតតូចនេះ អាចធ្វើដំណើរក្នុងល្បឿន ៩២គីឡូម៉ែត្រក្នុងមួយម៉ោងបាន ដែលធ្វើឲ្យពួកគេមិនងាយនឹងរងការវាយប្រហារ ពីនាវាមុជទឹកបានឡើយ។
៤៖ យន្តហោះចម្បាំង MiG-29S៖ នេះគឺជាយន្តហោះចម្បាំងដ៏ទំនើបជាងគេបំផុត នៅក្នុងជួរកងទ័ពអាកាសរបស់កូរ៉េខាងជើង។ ដោយឡែកកូរ៉េខាងជើងមានយន្តហោះចម្បាំងធុននេះតែ ១៧គ្រឿងប៉ុណ្ណោះ ដែលទទួលបានពីអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨៨ ហើយក្រៅនេះកូរ៉េខាងជើង មានយន្តហោះជំនាន់ចាស់ធុន MiG-21 និង MiG-23 ប្រមាណ ២០០គ្រឿង ដែលពុំសូវជាមានអានុភាពប៉ុន្មានឡើយ។
៥៖ ប្រព័ន្ធមីស៊ីល KN-09 MLRS៖ វាគឺជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដែលមានបំពង់រ៉ុក្កែតចំនួន ០៨ដើម និងរយៈចម្ងាយ ២០០គីឡូម៉ែត្រ។
៦៖ រថក្រោះ Pokpung-Ho III MBT៖ វាគឺជារថក្រោះជំនាន់ក្រោយបំផុត របស់កូរ៉េខាងជើង អាចអំណោយផលជាខ្លាំង នៅក្នុងទីតាំងភូមិសាស្រ្តនៃប្រទេសនេះ។
៧៖ មីស៊ីលផ្លោង Rodong រយៈចម្ងាយមធ្យម៖ វាគឺជាជម្រើសសព្វាវុធដ៏មានប្រសិទ្ធភាពជាងគេ ដើម្បីវាយប្រហារមកលើប្រទេសកូរ៉េខាងត្បូង ជាមួយរយៈចម្ងាយ ១,៥០០គីឡូម៉ែត្ររបស់វា។ មីស៊ីលផ្លោង Rodong អាចផ្ទុកក្បាលគ្រាប់បែកទម្ងន់ ១,០០០គីឡូក្រាម ឬក៏ក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយអ្នកជំនាញបានប៉ាន់ប្រមាណថា កូរ៉េខាងជើង មានមីស៊ីលប្រភេទនេះចំនួនជាង ៣០០គ្រឿង។
៨៖ មីស៊ីល KN-06 Pongae-5៖ វាគឺជាប្រព័ន្ធសព្វាវុធមួយទៀត ដែលទើបត្រូវបានអភិវឌ្ឍន៍ របស់យោធាកូរ៉េខាងជើង ដែលប្រើសម្រាប់វាយប្រហារពីផ្ទៃដីទៅកាន់ផ្ទៃអាកាស។ មើលពីខាងក្រៅ ប្រព័ន្ធនេះមានរូបរាងស្រដៀងនឹងប្រព័ន្ធ ការពារដែនអាកាស S-300 របស់រុស្ស៊ី និងរយៈចម្ងាយលើសពី ១៥០គីឡូម៉ែត្រ។
៩៖ នាវាមុជទឹកប្រភេទ Sinpo-class៖ វាគឺជាប្រភេទនាវាមុជទឹក ដែលមានសមត្ថភាពបាញ់មីស៊ីលផ្លោង ចេញពីក្រោមផ្ទៃទឹក ដំបូងគេបំផុតរបស់កូរ៉េខាងជើង។ មីស៊ីលផ្លោង SLBM ដែលរចនាឡើង ដើម្បីប្រើប្រាស់ក្នុងនាវាមុជទឹកប្រភេទមួយនេះ គឺ Pukkuksong។
១០៖ មីស៊ីលផ្លោងឆ្លងទ្វីប KN-08 ឬ Hwasong-13៖ ក្តីស្រមៃរបស់កូរ៉េខាងជើង គឺអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធ ដែលអាចវាយប្រហារទៅដល់ទឹកដីសហរដ្ឋអាមេរិក ក៏ប៉ុន្តែមីស៊ីលផ្លោងប្រភេទនេះ ពុំទាន់អាចដំណើរការបាននៅឡើយទេ។ បើតាមរបាយការណ៍មិនផ្លូវការ មីស៊ីលផ្លោង Hwasong-13 មានរយៈចម្ងាយចន្លោះពី ៨,០០០គីឡូម៉ែត្រ និង១០,០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ ដែលចេញផ្សាយកាលពីពាក់កណ្តាលឆ្នាំ២០១៧ មិនបានរាប់បញ្ចូលនូវមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) រយៈចម្ងាយមធ្យម Hwasong-12 ឬ KN-17 រួមទាំង Hwasong-14 ឬ KN-20 ដែលទើបធ្វើតេស្តថ្មីកាលពីប៉ុន្មានខែមុននេះ ក៏ដូចជាមីស៊ីលផ្លោង ICBM រយៈចម្ងាយឆ្ងាយ Taepongdong-2 ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ នោះទេ៕