(វ៉ាស៊ីនតោន)៖ យានអវកាស OSIRIS-REx របស់អង្គការ NASA ដែលបានហោះមកឆ្វែលផែនដីជាលើកទី០២ កាលពីសប្តាហ៍មុនឆ្ពោះទៅកាន់គោលដៅអាចម៍ផ្កាយដ៏ធំមួយនោះ បានបន្សល់ទុករូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ នៃភពកំណើតរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រសប្តាហ៍មុន OSIRIS-REx បានហោះមកលាផែនដីជាលើកចុងក្រោយ ក្នុងរយៈកម្ពស់ប្រមាណ ១៧,២៣៧គីឡូម៉ែត្រ ពីលើទ្វីបអង់តាកទិក ដែលវាគឺជាការកៀកមកប្រើប្រាស់ ជំនួយពីកម្លាំងទំនាញភពផែនដី រចនាឡើងដើម្បីបង្កើនល្បឿន និងកែសម្រួលផ្លូវធ្វើដំណើររបស់វា សំដៅទៅកាន់អាចម៍ផ្កាយប្រភេទក្បែរផែនដី មានឈ្មោះថា Bennu។
ប៉ុន្មានក្រោយពីការចូលមកក្បែរនេះ យានអវកាស NASA ក៏បានឆ្លៀតឱកាសថតយករូបភាព ដ៏ថ្មីសន្លាងខាងលើ នៅពេលដែលវាស្ថិតនៅចម្ងាយប្រហែល ១៧០,០០០គីឡូម៉ែត្រ ពីផែនដី។
គួរបញ្ជាក់ថា បេសកកម្មយាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវធ្វើដំណើរផ្សងព្រេងរយៈពេល ០៧ឆ្នាំ ដើម្បីទៅជួបជាមួយ ក៏ដូចជាសិក្សា រួមទាំងត្រឡប់ជាមួយគំរូតាង (Sample) នៃអាចម៍ផ្កាយ Bennu មកកាន់ផែនដីវិញ។
បើសិនជាអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក OSIRIS-REx នឹងទៅដល់គោលដៅនៅខែសីហា ឆ្នាំ២០១៨ រួចហើយចំណាយពេល ០២ឆ្នាំបន្ទាប់ ថតយករូបភាព និងគូសវាសផែនទី នៃផ្ទៃរបស់អាចម៍ផ្កាយ Bennu ដើម្បីបង្កើនការយល់ដឹង ពីសមាធាតុផ្សំគីមី និងរ៉ែរបស់វា រួមទាំងធ្វើការជ្រើសទីតាំងសម្រាប់ធ្វើការប្រមូលយក Sample មកវិញផងដែរ។
ក្រោយមក ដល់ខែកក្កដា ឆ្នាំ២០២០ OSIRIS-REx នឹងប៉ះជាមួយអាចម៍ផ្កាយនោះ ក្នុងអំឡុងពេលត្រឹមតែ ០៣វិនាទីប៉ុណ្ណោះ ដើម្បីប្រមែប្រមូលយក កម្ទេចថ្ម និងធូលីសរុបយ៉ាងតិចទម្ងន់ ៦០ក្រាម តាមរយៈឧបករណ៍ពិសេសមួយ ហើយរក្សាទុកសារធាតុទាំងនោះនៅក្នុងកន្លែងស្តុក Sample។ យានអវកាសនេះ នឹងចាកចេញពី Bennu នៅខែមីនា ឆ្នាំ២០២១ ហើយធ្វើដំណើរក្នុងលំហអវកាស សម្រាប់រយៈពេល ០២ឆ្នាំកន្លះ ក្នុងគន្លងឆ្ពោះមកកាន់ផែនដីវិញ នៅខែកញ្ញា ឆ្នាំ២០២៣។
ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថាគំរូ Sample នៃអាចម៍ផ្កាយដ៏ចំណាស់នេះ នឹងជួយក្រុមអ្នកវិទ្យាសាស្រ្ត យល់ដឹងកាន់តែទូលំទូលាយ អំពីការចាប់កំណើតនៃប្រព័ន្ធព្រះអាទិត្យរបស់យើង កាលពីជាង ៤.៥ពាន់លានឆ្នាំមុន៕