(បាកដាដ)៖ មេដឹកនាំ​ឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) បានអះអាងថា ប្រជាជនឃើដភាគច្រើនលើសលប់ បាន​បោះឆ្នោតថា «Yes» ឬយល់ព្រមឱ្យអាជ្ញាធរ​ឃើដ​ប្រកាស​ឯករាជ្យ​បង្កើតរដ្ឋដោយខ្លួនឯង បើទោះជាមានការព្រមានពីប្រទេសជិត ជាពិសេសតួកគី និងអ៊ីរ៉ាក់ថាសង្រ្គាម និងអស្ថេរភាព​នៅក្នុងតំបន់ អាចនឹងផ្ទុះឡើងក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍​ឃើដ លោក Masoud Barzani បានលើកឡើង​ដូច្នេះថា «យើងបានទទួល​ជ័យជម្នះ​ហើយ​ នៅក្នុងការបោះឆ្នោត​ប្រជាមតិ​ប្រកាសឯករាជ្យ​ឃើដអ៊ីរ៉ាក់... យើង​អាចនឹងត្រូវប្រឈមមុខ​ នឹងភាពលំបាក​ជាច្រើន។ ក៏ប៉ុន្តែយើង​នឹងជម្នះដើម្បី​ភាពជោគជ័យ ហើយខ្ញុំនៅ​តែអំពាវនាវឱ្យ​មហាអំណាច​ពិភពលោក គោរពការ​សម្រេចចិត្តរបស់​ប្រជាជនឃើដ រាប់លាននាក់... រីឯរដ្ឋាភិបាល​ទីក្រុងបាកដាដ គួរតែអង្គុយចរចា​ជាមួយនឹង​ពួកយើង ជាជាងប្រើ​ការគំរាម»

ព្រមពេលជាមួយគ្នានោះដែរ Kurdish Rudaw TV channel បានចេញផ្សាយថា ប្រជាជនឃើដជាង ៩០ភាគរយ បានបោះឆ្នោតថា «Yes» ដោយគ្រាន់តែ​នៅរង់ចាំលទ្ធផល​ចុងក្រោយ ដែលនឹងត្រូវចេញផ្សាយ​នៅក្នុងថ្ងៃ​ពុធនេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៊ីរ៉ាក់ តួកគី អ៊ីរ៉ង់ រួមទាំងសហរដ្ឋអាមេរិក បានប្រឆាំងជំទាស់​នឹងការបោះឆ្នោត​ប្រជាមតិឃើដ ដោយពួកគេ​សំអាងថា វាអាចនឹងបង្ក​អស្ថិរភាព និងសង្រ្គាមនៅក្នុង​តំបន់ ក៏ដូចជាអនុញ្ញាតឱ្យក្រុម ISIS ឆ្លៀតឱកាស​ពង្រីកឥទ្ធិពលខ្លួន​ឡើងវិញតែ​ប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ កាលពីថ្ងៃអង្គារ ក៏បានព្រមានដែរថា ទីក្រុងអង់ការ៉ា​អាចនឹងដាក់​​ទណ្ឌកម្ម រីឯអ៊ីរ៉ាក់ បានបដិសេធធ្វើ​កិច្ចចរចាជាមួយ​ឃើដ ស្ដីពីការប្រកាសឯករាជ្យ ខណៈមកទល់​ពេលនេះ មានតែអ៊ីស្រាអែលតែមួយគត់ ដែលចេញមុខគាំទ្រឃើដជា​សាធារណៈ៕