(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់កូរ៉េខាងជើងថា បានធ្វើទារុណកម្មនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier មុននឹងរូបគេបានស្លាប់ កាលពីខែមិថុនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ត្រាំ ធ្វើឡើងនៅលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារ តបទៅនឹងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News របស់គ្រួសារ Otto Warmbier ជានិស្សិតម្នាក់មកពីសាកលវិទ្យាល័យ Virginia ដែលបានបាត់បង់ជីវិតកាលពីខែមិថុនា បន្ទាប់ពីត្រូវបានរដ្ឋអំណាចក្រុងព្យុងយ៉ាង ដោះលែងឱ្យមានសេរីភាពក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹង ក្រោយពីបានជាប់ពន្ធនាគារជាច្រើនខែ នៅកូរ៉េខាងជើង។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជាបទសម្ភាសន៍ដ៏អស្ចារ្យនៃកម្មវិធី Fox and Friends ជាមួយគ្រួសារ Otto Warmbier: 1994-2017... Otto ត្រូវបាន កូរ៉េខាងជើងធ្វើទារុណកម្ម ដែលនឹកស្មានមិនដល់»។
គួររំលឹកថា Otto Warmbier ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែមករា ឆ្នាំ២០១៦ ដោយរងការចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាច តាមរយៈការលួចរូបផ្ទាំង គំនូរនៅសណ្ឋាគារមួយកន្លែង។ ចំណែកឯកូរ៉េខាងជើង ក៏បានអះអាងដែរថា និស្សិតរូបនេះបានសន្លប់មិនដឹងខ្លួននៅពីរខែបន្ទាប់ ដោយសារផឹកថ្នាំងងុយគេង ក៏ប៉ុន្តែក្រុមគ្រូពេទ្យអាមេរិករកឃើញថា និស្សិតរូបនេះមានបញ្ហាប្រព័ន្ធខួរក្បាលធ្ងន់ធ្ងរ ហើយជាការឆ្លើយតបរដ្ឋបាល លោក ត្រាំ បានហាមឃាត់ប្រជាជនអាមេរិក មិនឱ្យធ្វើដំណើរទៅកាន់កូរ៉េខាងជើង ក្រោមហេតុផលសុវត្ថិភាព៕