(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានចំណាយលុយប្រមាណ ០៥ពាន់លានដុល្លារថែមទៀត នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន General Dynamics Electric Boat ដើម្បីធ្វើយ៉ាងណា ឲ្យនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី Columbia-class អាចធ្វើប្រតិបត្តិការបាន យ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ជុំវិញការទទួលបានកិច្ចសន្យាខ្ទង់ពាន់លានដុល្លារនេះ អគ្គនាយករងនៃក្រុមហ៊ុន Electric Boat លោក វាល ឡេនណុន (Will Lennon) បានថ្លែងថា នៅក្នុងទសវត្សរ៍បន្ទាប់ខាងមុខ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Ohio-class ដ៏ចំណាស់ នឹងឈានដល់អាយុកាលចុងក្រោយ នៃសមត្ថភាពធ្វើប្រតិបត្តិការរបស់វា។ ហេតុដូច្នេះហើយ ការវិនិយោគ ០៥ពាន់លានដុល្លារនេះ ទៅលើនាវាមុជទឹកប្រភេទថ្មី Columbia-class គឺមានសារៈសំខាន់ជាទីបំផុត ដើម្បីអាចឲ្យនាវាមុជទឹកទាំង ១២គ្រឿងថ្មី ត្រូវកសាងឡើង និងប្រគល់ឲ្យកងទ័ពជើងទឹកអាមេរិក បានទាន់ពេលវេលាកំណត់។
គួរបញ្ជាក់ថា ថវិកា ០៥ពាន់លានដុល្លារ ខាងលើនឹងត្រូវប្រើប្រាស់ ដើម្បីបញ្ចប់ការរចនា សម្រាប់នាវាមុជទឹក Columbia-class ខណៈកងទ័ពជើងទឹកអាមេរិករំពឹងថា នឹង បញ្ជូននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មីនេះ មួយគ្រឿងដំបូងទៅក្នុងផ្ទៃសមុទ្រនាឆ្នាំ២០២៨ ជាមួយការសាងសង់នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២១។ ដោយឡែក កាលពីខែមីនាកន្លងទៅ ការសិក្សាមួយរបស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) បានកំណត់ថា យ៉ាងហោចណាស់លុយ ១០០ពាន់លានដុល្លារ នឹងត្រូវការដើម្បីបំពេញបញ្ចប់កម្មវិធីអភិវឌ្ឍន៍ និងផលិតនាវាមុជទឹកប្រភេទ Columbia-class នេះទាំងមូល៕