​(បាងកក)៖ តុលាការកំពូលថៃ​ត្រូវបានគេរំពឹងថា នឹងចេញសាលក្រម​សម្រេចនៅ​ថ្ងៃពុធនេះ ពាក់ព័ន្ធនឹងសំណុំរឿង​របស់អតីត​នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលបាន​រត់ភៀសខ្លួនទៅកាន់បរទេស​កាលពីខែមុន ដោយសារភ័យខ្លាច​ត្រូវផ្ដន្ទាទោសឱ្យ​ជាប់ពន្ធនាគារ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្រី Yingluck ដែលត្រូវបាន​រដ្ឋាភិបាលយោធាថៃ​សព្វថ្ងៃ ធ្វើរដ្ឋប្រហារ​ទម្លាក់ពីអំណាចកាលពី​ឆ្នាំ២០១៤ អាចនឹងត្រូវ​ប្រឈមមុខនឹង​ការកាត់ទោសជាប់​ពន្ធនាគារ ១០ឆ្នាំ បើសិនជា តុលាការរកឃើញថា លោកស្រីពិតជា​បានប្រព្រឹត្ត​កំហុសដូចការ​ចោទប្រកាន់ថា បានធ្វេសប្រហែស​ធ្វើឱ្យខាតបង់​ថវិការដ្ឋជាង ៨ពាន់លានដុល្លារ នៅក្នុងក្របខណ្ឌ​នៃកម្មវិធីទិញស្រូវ​ ក្នុងតម្លៃថ្លៃពីកសិករ។
កម្មវិធីទិញស្រូវនេះ ជាគោលនយោបាយ​ដ៏មានប្រជាប្រិយភាពបំផុត ដែលបានជួយឱ្យលោកស្រី​ជាប់ឆ្នោតជា​នាយករដ្ឋមន្ត្រីថៃ កាលពី២០១១។ តែយ៉ាងណា​ក៏ដោយ លោកស្រី Yingluck ធ្លាប់បានអះអាងថា លោកស្រី​គ្មានទោស​អ្វីទាំងអស់ ហើយថែមទាំងចោទប្រកាន់​ដែរថា វាគ្រាន់តែជាការធ្វើទុក្ខបុកម្នេញ​ផ្នែកនយោបាយ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា តុលាការកំពូលថៃ ធ្លាប់គ្រោងប្រកាស​សាលក្រមកាលពី​ថ្ងៃទី២៥ ខែសីហា ម្ដងរួចមកហើយ ក៏ប៉ុន្តែត្រូវបានលើកពេល​ក្រោយទទួលបានដំណឹងថា លោកស្រី Yingluck Shinawatra មិនបានបង្ហាញខ្លួន​នៅក្នុងសវនាការ និងរត់ភៀសខ្លួន​ទៅក្រៅ​ប្រទេស៕