(អាឡឺម៉ង់)៖ លោកស្រី Angela Dorothea Merkel ជាអ្នកនយោបាយអាឡឺម៉ង់ដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថា ជាអធិការបតីស្ត្រីរបស់ប្រទេស អាឡឺម៉ង់ដ៏មានឥទ្ធិពលមួយរូប។ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះ លទ្ធផលបានបង្ហាញថា គណបក្ស Christian Democrat Union របស់លោកស្រី ទទួលបានជ័យជម្នះជាមួយសម្លេងគាំទ្រភាគច្រើន ហើយលោកស្រី Angela Merkel នឹងបន្តកាន់តំណែងជាអធិការបតីអាល្លឺម៉ង់រហូតដល់ ៤អាណត្តិជាប់ៗគ្នា ខណៈដែលប្រទេសអាល្លឺម៉ង់មិនមានការកំណត់ចំនួនអាណត្តិអធិការបតីឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីជំនាន់អធិការបតីអាល្លឺម៉ង់ លោក Helmut Kohl មិនទាន់មានអ្នកនយោបាយអាល្លឺម៉ង់ណាម្នាក់ អាចកាន់តំណែងនេះបានច្រើន ជាង១៦ឆ្នាំឡើយ ចំណុចនេះធ្វើឱ្យលោកស្រី Angela Merkel ជាប់ឈ្នោះស្ត្រីដ៏មានឥទ្ធិពលម្នាក់ទាំងក្នុងប្រទេសអាឡឺម៉ង់ ក្នុងតំបន់ និងឆាកអន្តរជាតិ។ ខាងក្រោមនេះជាព័ត៌មាន និងប្រវតិ្តសំខាន់ៗ ពាក់ព័ន្ធនឹងស្ត្រីខ្លាំងរូបនេះ៖
* ជាអធិការបតីអាឡឺម៉ង់៖ ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ដល់បច្ចុប្បន្ន
* ប្រធានក្រុមសភាបក្ស CDU/CSU៖ ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៥
* អគ្គលេខាធិកាសហភាពប្រជាធិបតេយ្យគ្រីស្ទាន៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០០០
* រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធម្មជាតិ អភិរក្ស និងសុវត្ថិភាពនុយក្លេអ៊ែរ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៨
* រដ្ឋមន្ត្រីក្រសួងស្ត្រី និងយុវជន៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤
* សមាជិក Bundestag៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ដល់បច្ចុប្បន្ន
* ថ្ងៃខែឆ្នាំកំណើត៖ ១៧ កក្កដា ១៩៥៤ (វ័យ៦៣ឆ្នាំ)
* បក្សនយោបាយ៖ គណបក្ស Democratic Awakening (ឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩០) និងគណបក្ស Christian Democratic Union(១៩៩០ដល់បច្ចុប្បន្ន)
* ស្វាមី៖ លោក Ulric Merkel (រៀបការពីឆ្នាំ១៩៧៧ ដល់១៩៨២) និងលោក Joachim Sauer (រៀបការពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន)
១៖ ជីវិតពីកុមារភាព
Merkel កើតក្នុងឆ្នាំ១៩៥៤ ក្នុងទីក្រុង Hamburg អាឡឺម៉ង់ខាងលិច ជាកូនស្រីលោក Horst Kasner ជាគ្រូគង្វាលម្នាក់ និងលោកស្រី Herlind ជាគូ្របង្រៀនភាសាអង់គ្លេស និងភាសាឡាតាំង។ Merkel មានប្អូនពីរនាក់ ដោយប្អូនប្រុសឈ្មោះថា Marcus Kasner ជាអ្នករូបវិទ្យា និងប្អូនស្រីឈ្មោះ Irene Kasner ជាអ្នកព្យាបាលជំងឺផ្លូវកាយ និងផ្លូវចិត្ត។
Merkel មានជាប់សែស្រឡាយជាជនជាតិ អាឡឺម៉ង់ និងប៉ូឡូញ។ មិនខុសពីប្រជាជនវ័យជំទង់ផ្សេងទៀតនៅអាឡឺម៉ង់ខាងកើត Merkel ជាសមាជិកនៃក្រុមយុវជនអាឡឺម៉ង់សេរី ជាចលនាយុវជនផ្លូវការឧបត្ថម្ភដោយបក្សសហភាពសង្គមនិយម។ សមាជិកភាគច្រើនជាអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលមិនចូលរួមក្នុងក្រុមនេះ នឹងមានភាពលំបាកក្នុងការបន្តការសិក្សាខ្ពស់ទៅមុខ។
Merkel បានប្រកាសថាខ្លួនជាលេខាធិការផ្នែកវប្បធម៌ ដោយបានចូលរួមធ្វើសកម្មភាពផ្សេងៗដូចជាទទួលសំបុត្រមហោស្រប ឬរៀបចំកិច្ចពិភាក្សារបស់អ្នកនិពន្ធ សូវៀតដែលធ្វើទស្សនកិច្ចនៅអាឡឺម៉ង់ជាដើម។ នៅសាលារៀន Merkel រៀននិយាយភាសារុស្ស៊ីបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងទទួលបានពានរង្វាន់ ដោយសារសមត្ថភាពខ្ពស់ផ្នែកភាសារុស្ស៊ី និងគណិតវិទ្យា។ លោកស្រី បានបញ្ចប់ការសិក្សានៅសកលវិទ្យា Leipzing ផ្នែកវេជ្ជសាស្ត្រពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៨។
២៖ ជីវិតឯកជន
នៅឆ្នាំ១៩៧៧ ក្នុងវ័យ២៣ឆ្នាំ Angela បានរៀបអាពាហ៍ពិពាហ៍ជាមួយនិស្សិតផ្នែករូបវិទ្យាម្នាក់ឈ្មោះ Ulrich Merkel ព្រមទាំងបានយកនាមត្រកូល របស់ស្វាមីធ្វើជានាមត្រកូលផ្ទាល់ខ្លួនតែម្តង។ ជាអកុសល អាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរត្រូវបានបញ្ចប់ដោយការលែងលះក្នុងឆ្នាំ១៩៨២។
ដោយឡែកស្វាមីទី២ និងជាស្វាមីបច្ចុប្បន្នរបស់លោកស្រី គឺជាគីមីវិទូ និងសាស្រ្ដាចារ្យឈ្មោះ Joachim Sauer ដែលភាគច្រើនមិនបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយឡើយ។ អ្នកទំាំងពីរបានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ១៩៨១ ហើយក្រោយមកបានរស់នៅជាមួយគ្នា និងរៀបការដោយស្ងាត់ៗនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៨។ លោកស្រីគ្មានកូនទេ ប៉ុន្តែលោក Sauer មានកូនប្រុសពេញវ័យពីរនាក់ ជាមួយភរិយាមុន។
លោកស្រីជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ក្លៀវក្លាម្នាក់ ព្រមទាំងបានចូលរួមការប្រកួតក្នុងក្រុមជម្រើសជាតិ ដោយប្រើប្រាស់សមត្ថភាពផ្ទាល់របស់លោកស្រី។ អ្វីដែលចម្លែក ស្ត្រីដ៏មានឥទ្ធិពលរូបនេះ បែរជាខ្លាចសត្វឆ្កែបន្ទាប់ពីលោកស្រីធ្លាប់ត្រូវបានឆ្កែខាំម្តងកាលពីឆ្នាំ១៩៩៥។ មានម្តងនោះ លោក ពូទីន ធ្លាប់បាននៅបន្លាចលោកស្រី ដោយនាំយកសត្វឆ្កែចិញ្ចឹមឈ្មោះ Labrador ទៅចូលរួមក្នុងសន្និសីទកាសែតមួយកាលពីឆ្នាំ២០០៧។ លោក ពូទីន អះអាងថា លោកមិនមានបំណងធ្វើឱ្យបន្លាចលោកស្រីឡើយ។ តែក្រោយមកលោកស្រីបានលើកឡើងបែបចំអកលោកពូទីនថា «ខ្ញុំយល់ពីមូលហេតុដែលលោកពូទីនធ្វើដូច្នេះ គឺដើម្បីបង្ហាញថាលោកជាបុរសពិត ព្រោះលោកមិនចង់បង្ហាញទន់ខ្សោយរបស់ខ្លួនឯង»។
៣៖ ការប្រឡូកក្នុងឆាកនយោបាយជាលើកដំបូង៖
ការដួលរលំជញ្ជាំងប៊ែកឡាំង ប្រៀបបានជាកត្តាជម្រុញដល់អាជីពជាអ្នកនយោបាយរបស់ Merkelទៅវិញ។ បើទោះបីជា លោកស្រីមិនបានចូលរួមក្នុងកម្មវិធី អបអរសាទរការដួលរលំជញ្ជាំងប៊ែកឡាំងនារាត្រីដែលប្រកបដោយមនុស្សច្រើនកុះករក្តី ប៉ុន្តែក្នុងពេលមួយរយៈក្រោយមក លោកស្រីMerkel បានបង្កើតទំនាក់ទំនងជាមួយចលនាប្រជាធិបតេយ្យ ចូលរួមក្នុងបក្សនយោបាយថ្មីដែលមានឈ្មោះថា Democratic Awakening។
បន្ទាប់ពីការបោះឆ្នោតលើកទីមួយ នៅរដ្ឋអាឡឺម៉ង់ខាងកើត លោកស្រី Merkel បានក្លាយជាអនុប្រធានផ្នែកអ្នកនាំពាក្យរបស់រដ្ឋាភិបាល បង្រួបបង្រួមថ្មីរបស់អាឡឺម៉ង់ ក្រោមការដឹកនាំរបស់លោក Lothar de Maiziere។
ស្ត្រីរូបនេះបានធ្វើឱ្យលោកDe Maiziere មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីឆ្លើយតបអ្នកកាសែត ដែលចោទសួរតួនាទីរបស់មេដឹកនាំគណបក្ស លោក Wolfgang Schnur ដែលជាអ្នកផ្តល់ព័ត៌មានសម្ងាត់ដល់ប៉ូលីស។ នៅខែមេសា ឆ្នាំ១៩៩០ បក្ស Democratic Awakening បានបញ្ចូលគ្នាជាមួយបក្សCDUរបស់អាល្លឺម៉ង់ខាងកើត ដែលក្រោយមកត្រូវបានបញ្ចូលគ្នាជាមួយសមភាគីភាគខាងលិច បន្ទាប់ពីប្រទេសត្រូវបានបង្រួបបង្រួមឡើងវិញ។
លោកស្រី Merkel បានឈរឈ្មោះសម្រាប់ការបោះឆ្នោតសហព័ន្ធជាលើកដំបូង ក្នុងឆ្នាំ១៩៩០ ចាប់តាំងពីប្រទេសបង្រួបបង្រួមឡើងវិញ។ បន្ទាប់ពីការបោះឆ្នោតលើកទី១បានបញ្ចប់ លោកស្រីត្រូវបានតែងតាំងក្នុងគណរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនារី និងយុវជនក្រោមការដឹកនាំរបស់អធិការបតី Helmut Kohl។
នៅឆ្នាំ១៩៩៤ លោកស្រីត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសុវត្ថិភាពនុយក្លេអ៊ែរ ដែលបានផ្តល់ឱ្យលោកស្រីនូវភាពច្បាស់លាស់កាន់តែខ្លាំងផ្នែកនយោបាយ និងជាវេទិកាមួយដើម្បីកសាងអាជីពនយោបាយ។ ក្នុងនាមជាអ្នកការពារម្នាក់របស់លោក Helmut Kohl និងដោយ Merkel ជារដ្ឋមន្ត្រីដែលក្មេងបំផុតរបស់លោក ទើបលោកKohl តែងតែចាត់ទុក Merkel ថាជាកូនស្រីរបស់លោក។
៤៖ មេដឹកនាំបក្សប្រឆាំង
បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Kohl ត្រូវបានបរាជ័យក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ លោកស្រី Merkel ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃបក្សCDU ដែលជាតួនាទីសំខាន់មួយ ខណៈដែលគណបក្សនេះ លែងជាផ្នែកនៃរដ្ឋាភិបាលសហព័ន្ធ។ លោកស្រី Merkel បានមើលការខុសត្រូវរាល់ភាពជោគជ័យក្នុងការបោះឆ្នោតរបស់បក្ស CDU រហូតដល់៦ដង ក្នុងចំណោម ការបោះឆ្នោតទំាង៧។ បន្ទាប់ពីមានរឿងអាស្រូវមូលនិធិបក្ស ដែលមានពាក់ព័ន្ធដោយអ្នកដឹកនាំជាច្រើននៃបក្សCDU រួមទាំងលោកKohl និងលោក Wolfgang Schäuble អ្នកដែលត្រូវស្នងតំណែងដើម្បីធ្វើជាមេដឹកនាំបក្សCDUផងដែរ ធ្វើឱ្យលោកស្រី Merkel បានផ្តួចផ្ដើមគំនិតចាប់ផ្តើមជាថ្មី ក្នុងការដំណើរការគណបក្សដោយគ្មានវត្ថមានមេដឹកនាំខាងលើ។
បន្ទាប់មកលោកស្រីត្រូវបានជ្រើសតាំងជំនួសឱ្យលោកSchäuble និងក្លាយជាមេដឹកនាំគណបក្សអាល្លឺម៉ង់ស្ត្រីដំបូងគេនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០០។ លទ្ធផលបោះឆ្នោតរបស់លោកស្រី បានធ្វើឱ្យអ្នកសង្កេតការណ៍ជាច្រើន មានក្តីភ្ញាក់ផ្អើលជាខ្លាំង ដោយសារបុគ្គលិកលក្ខណៈរបស់លោកស្រី មានលក្ខណៈផ្ទុយគ្នាចំពោះគណបក្សដែលលោកស្រីត្រូវដឹកនាំផ្ទាល់។
លោកស្រី Merkel គឺជាជនប្រូតេស្តង់មជ្ឈឹមនិយម មានដើមកំណើតមកពីភាគខាងជើងប្រទេសអាឡឺម៉ង់ ខណៈពេលដែលបក្សCDU គឺជាបក្សអភិរក្សសង្គមនិយម ដែលគ្រប់គ្រងដោយបុរស ដែលមានមូលដ្ឋាននៅភាគខាងលិច និងភាគខាងត្បូងនៃប្រទេសអាឡឺម៉ង់ ហើយគណបក្ស CSU ដែលបង្រួបបង្រួមជាមួយបក្សនេះបាក់ចាក់ឫសគល់ខាងផ្នែកកាតូលិក យ៉ាងជ្រៅទៅហើយ។
បន្ទាប់ពីលោកស្រីជាប់ឆ្នោតជាមេដឹកនាំបក្សCDU លោកស្រីទទួលបាននូវប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ ក្នុងចំណោមប្រជាជនអាឡឺម៉ង់ ហើយការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋអាល្លឺម៉ង់ជាច្រើន ចង់ឃើញលោកស្រីក្លាយជាគូប្រជែងសំខាន់របស់លោកអធិការបតីលោក Gerhard Schröder នៅក្នុងការបោះឆ្នោតឆ្នាំ២០០២ ។
ទោះជាយ៉ាងនេះក្តី ក្រោយមកលោកស្រីត្រូវបានគេចាញ់ល្បិចនយោបាយរបស់លោក Edmund Stoiber មេដឹកនាំបក្ស CSU ហេតុនេះលោកស្រីត្រូវប្រគល់សិទ្ធិពិសេសដល់លោក Stoiber ដើម្បីប្រកួតប្រជែងជាមួយលោកSchröder។ ក្រោយមកក្រៅពីតួនាទីរបស់លោកស្រីជាមេដឹកនាំ CDU លោកស្រី Merkel បានក្លាយជាមេដឹកនាំប្រឆាំងនៅក្នុង Bundestag ផងដែរ។
៥៖ ការបោះឆ្នោតជាតិឆ្នាំ២០០៥
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ លោកស្រី Merkel ទទួលបានការតែងតាំងជាបេក្ខជនបក្ស CDU / CSU អ្នកប្រកួតប្រជែងនឹងលោកអធិការបតី Gerhard Schröderនៃបក្ស SPD ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៥។ គណបក្សរបស់នាងបានចាប់ផ្តើមយុទ្ធនាការ ហើយទទួលបានសម្លេងគាំទ្រ ២១ពិន្ទុនាំមុខបក្សSPD នៅក្នុងការបោះឆ្នោតស្ទាបស្ទង់មតិ ទោះបីជាប្រជាប្រិយភាពផ្ទាល់ខ្លួនលោកស្រីស្ថិតនៅពីក្រោយមេដឹកនាំកំពុងកាន់អំណាចនាពេលនោះក្តី។
ទោះជាយ៉ាងណាក៏ដោយយុទ្ធនាការបក្ស CDU / CSU បែរជួបវិបត្តិ បន្ទាប់ពីលោកស្រី Merkel បានបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ច សម្រាប់វេទិកាCDU ហើយមានការភ័ន្តច្រឡំទាក់ទងនឹងប្រាក់ចំណូលសរុបក្នុងអំឡុងពេលជជែកពិភាក្សាតាមទូរទស្សន៍។ ប៉ុន្តែលោកស្រីបានក្រោកឡើង មកប្រកាសថាលោកស្រីនឹងតែងតាំងលោក Paul Kirchhof អតីតចៅក្រមនៅតុលាការធម្មនុញ្ញអាល្លឺម៉ង់ និងដឹកនាំអ្នកជំនាញគោលនយោបាយសារពើពន្ធ ធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។
បក្ស SPD អាចបង្កើនការគាំទ្ររបស់ខ្លួនដោយ គ្រាន់តែសន្យាថាមិនឱ្យដាក់ពន្ធលើតម្លៃផ្ទះ ឬបង្កើនពន្ធលើតម្លៃបន្ថែមឡើយ។ ទោះបីជាការឈរឈ្មោះរបស់លោកស្រី Merkel បានប្រសើរឡើងវិញក៏ដោយក្តី ក៏លោកស្រីនៅតែមានប្រជាប្រិយភាពតិចជាងលោក Schröder ហើយភាពដឹកនាំរបស់បក្សCDU បានធ្លាក់ចុះដល់៩ភាគរយ នៅមុនថ្ងៃបោះឆ្នោត។
ប៉ុន្តែដល់ថ្ងៃបោះឆ្នោតពិតប្រាកដ លទ្ធផលបែរជាប្រកៀកប្រកិតគ្នាជាខ្លាំង ដោយទាំងលោក Schröderនិង លោកស្រី Merkel សុទ្ធអះអាងពីជ័យជម្នះរៀងៗខ្លួន។ បក្សទាំងពីរបានប្រជែងគ្នាទាមទារដំណែងជាអធិការបតី។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការចរចាអស់រយៈពេលបីសប្តាហ៍មក គណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយសម្រេចឱ្យលោកស្រី Merkel ក្លាយជាអធិការបតី ដោយឡែកបក្ស SPD នឹងកាន់កាប់អាសនៈចំនួន៨ ក្នុងចំណោមអាសនៈចំនួន១៦ នៅក្នុងគណៈរដ្ឋមន្រ្តី។
៦៖ អធិការបតីអាល្លឺម៉ង់
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ លោកស្រី Merkel បានកាន់តំណែងជាអធិការបតីនៃប្រទេសអាឡឺម៉ង់។ កិច្ចព្រមព្រៀង ត្រូវបានអនុម័តដោយភាគីទាំងពីរ នៅសន្និបាតបក្ស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៥។ លោកស្រី Merkel ត្រូវបានជ្រើសតាំងជាអធិការបតីដោយការគាំទ្រសម្លេងភាគច្រើន (គឺ៣៩៧ទល់នឹង២១៧) នៅ Bundestag ដែលរៀបចំឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥កន្លងទៅនេះ។
របាយការណ៍នៅពេលនោះ បានចង្អុលបង្ហាញថាការចងសម្ព័ន្ធភាពរវាងបក្សចម្រុះបែបនេះ បានជម្រុញការបង្កើតគោលនយោបាយចម្រុះ ដែលគោលនយោបាយខ្លះខុសពីនយោបាយរបស់លោកស្រី។ ចេតនារបស់ក្រុមចម្រុះនេះ គឺកាត់បន្ថយការចំណាយសាធារណៈ ស្របគ្នានឹងការបង្កើនពន្ធលើតម្លៃបន្ថែម (ពី១៦ទៅ១៩ភាគរយ) វិភាគទានធានារ៉ាប់រងសង្គម និងអត្រាពន្ធលើប្រាក់ចំណូលខ្ពស់ៗ។ នៅពេលប្រកាសពីកិច្ចព្រមព្រៀងនេះលោកស្រី Merkel បានថ្លែងថា គោលបំណងសំខាន់នៃរដ្ឋាភិបាលរបស់លោកស្រី គឺត្រូវកាត់បន្ថយភាពឥតការងារធ្វើ ដោយបញ្ជាក់ថាវាជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលត្រូវដោះស្រាយ។
គណបក្សរបស់លោកស្រី បានជាប់ឆ្នោតជាថ្មីម្តងទៀតក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៣ជាមួយនឹងប្រជាប្រិយភាពកាន់ខ្លាំង។ មិនតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះបក្សរបស់ស្ត្រីរូបនេះ ទទួលបានជ័យជម្នះជាថ្មីម្តងទៀត រហូតដល់៤អាណត្តិជាប់គ្នា ដែលបង្កើតជារបត់មួយក្នុងប្រវត្តិសាស្ត្ររបស់អាឡឺម៉ង់ ដោយមានអធិការបតីជាស្ត្រី ហើយកាន់អំណាចយូរបែបនេះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា