(បរទេស)៖ ការចង់បានអ្វីមួយ គឺវាមិនងាយស្រួលនោះឡើយ នៅក្នុងប្រទេសកូរ៉េខាងជើង។ ដោយសារតែទណ្ឌកម្មរបស់ UN ក្រុមហ៊ុនជាច្រើន បានហាមឃាត់ផលិតផលរបស់ពួកគេ មិនឲ្យធ្វើចរាចរណ៍នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះឡើយ។ បន្ថែមពីលើនេះ ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទាំងបានចេញបម្រាមផ្ទាល់ខ្លួនមិនឲ្យរបស់របរធម្មតាៗ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទផ្សេងទៀត មានវត្តមាននៅក្នុងប្រទេសរបស់លោកទៀតផង។ នេះបើតាមការដកស្រង់ព័ត៌មានចេញពី ប្រព័ន្ធបណ្តាញសង្គម ដែលមានឈ្មោះថា TheTalko នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ខាងក្រោមគឺជារបស់របរ ១២យ៉ាង ដែលត្រូវបានហាមឃាត់មិនដាក់លក់ឬមានវត្តមាន នៅក្នុងប្រជាជាតិអាស៊ីខាងកើតមួយនេះ៖
១. ស្រោមអនាម័យ៖ ធំដឹងក្តីឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ប្រជាពលរដ្ឋជាច្រើននៅទីនោះ មិនទាំងដឹងផងថា តើស្រោមអនាម័យគឺជាអ្វី, ប្រើប្រាស់ដោយរបៀបណា, ឬក៏វត្តមានរបស់ផលិតផលនេះ នៅតាមបណ្តាប្រទេសផ្សេងៗទៀត ជុំវិញពិភពលោក។
២. កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈនេះ ពុំមានធ្វើប្រតិបត្តិការ នៅកូរ៉េខាងជើងឡើយ ដោយសារតែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
៣. ទស្សនាវដ្តី និងកាសែតបរទេស៖ អ្វីៗគ្រប់យ៉ាង ដែលត្រូវបានបោះពុម្ពនឹងផ្តល់ឲ្យប្រជាជន គឺស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង របស់រដ្ឋាភិបាលកូរ៉េខាងជើង និងលោក គីម ជុងអ៊ុន ដើម្បីបង្ការការបញ្ច្រៀបមនោគមន៍ ពីប្រទេសដទៃៗខាងក្រៅ។
៤. ថ្នាំលាបពណ៌សក់៖ សូម្បីតែរឿងសក់ក្បាលរបស់ប្រជាជន ក៏ត្រូវស្ថិតក្រោមការកំណត់របស់រដ្ឋាភិបាលដែរ នៅកូរ៉េខាងជើង។
៥. ដើមឈើគ្រិស្តស្មាស់ និងសម្ភារៈដទៃទៀត តំណាងឲ្យបុណ្យសាសនា៖ ទោះបីជាកូរ៉េខាងជើង បានអះអាងថា ខ្លួនជំរុញលើកទឹកចិត្តជានិច្ច ចំពោះសេរីភាពប្រតិបត្តិសាសនាក៏ដោយ តាមពិតទៅរបបដឹកនាំទីក្រុងព្យុងយ៉ាង ចាត់ទុកសាសនាជាការគំរាមកំហែងដ៏ធំបំផុតមួយ ដល់ជីវភាពរស់នៅនៃប្រជាជនរបស់ខ្លួន។
៦. បទចម្រៀង៖ ប្រជាជនកូរ៉េខាងជើង នឹងរំលោភបំពានច្បាប់ តាមរយៈការទិញ និងស្តាប់បទចម្រៀងនានា ដែលពុំត្រូវបានអនុញ្ញាតជាមុនដោយរដ្ឋាភិបាល។
៧. ផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិក Apple៖ ប្រជាជនកូរ៉េខាងជើង មិនអាចប្រើប្រាស់ផលិតផលទាំងនេះបានឡើយ តែលោក គីម ជុងអ៊ុន វិញអាចប្រើប្រាស់បានតាមចិត្ត ដូចជា MacBook ជាដើម។
៨. អចលនាទ្រព្យ៖ ប្រជាជនកូរ៉េខាងជើង មិនអាចទិញផ្ទះសម្បែងផ្ទាល់ខ្លួនបានឡើយ តែពួកគេអាចដោះដូរគ្នាបាន។
៩. អ៊ីនធើណែត៖ មានតែលោក គីម ជុងអ៊ុន និងគ្រួសារ, ក្រុមគ្រួសារថ្នាក់ដឹកនាំនយោបាយ, នាយកដ្ឋានកិច្ចការព័ត៌មានវិទ្យា របស់យោធា, រួមទាំងនិស្សិតនៅតាមសាកលវិទ្យាល័យធំៗមួយចំនួនប៉ុណ្ណោះ ដែលអាចប្រើប្រាស់ WiFi និងប្រព័ន្ធអ៊ីនធើណែតបាន។
១០. ជីសម្រាប់ធ្វើស្រែ និងចម្ការ៖ កង្វះខាតនៃជី កើតឡើងដោយសារតែទណ្ឌកម្មពីអន្តរជាតិ ហើយប្រជាច្រើន លែងបញ្ជូនទំនិញ និងផលិតផលរបស់ខ្លួន ទៅកាន់កូរ៉េខាងជើងទៀត។
១១. ទូរទស្សន៍ខ្សែកាប៖ គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងជើង គឹស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
១២. ថ្នាំពេទ្យ៖ ទណ្ឌកម្មធ្ងន់ៗ បានបណ្តាលឲ្យថ្នាំពេទ្យជាច្រើនប្រភេទមិនអាចនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង ហើយអ្នករងគ្រោះគឺជាពលរដ្ឋកូរ៉េខាងជើងផ្ទាល់៕