(បាងកក)៖ សារព័ត៌មានថៃមួយ បានចេញផ្សាយនូវភាពជាច្រើនស្តីអំពីសកម្មភាពកសាង ទីកន្លែងថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាលកំណត់នៃការបញ្ចប់ការសាងសង់ គឺនៅថ្ងៃទី១៨ ខែតុលា ជាកំហិត។ នេះបើតាមការដកស្រង់ពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ននៅខែតុលាខាងមុខនេះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុកកិច្ចការរាជវង្ស ដែលបានចេញកាលពីពេលថ្មីៗនេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយនិងប្រាសាទធំមួយផ្សេងទៀត នឹងត្រូវបិទទ្វារលែងទទួលស្វាគមន៍អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។ ការិយាល័យនៃព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា ថ្ងៃទី៣០ ខែកញ្ញា ត្រូវបានចាត់ទុកជាថ្ងៃចុងក្រោយ ដែលសាធារណជនអាចមកទស្សនារាជវាំងនេះបាន។
គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខនេះហើយ៕