(ម៉ានីល)៖ បើតាមសេចក្តីថ្លែងការណ៍ពីកងអង្គរក្សមេដឹកនាំហ្វីលីពីន (PSG) បានបញ្ជាក់ឲ្យដឹងថា មន្រ្តី PSG ម្នាក់ ត្រូវគេរកឃើញបានបាត់បង់ជីវិត ក្រោយពីកើតមានហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងសួនច្បារក្បែរបរិវេណ នៃវិមានប្រធានាធិបតីហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោកវរសេនីយ៍ ហារីម ហ្គន់ហ្សាហ្គា (Harim Gonzaga) វ័យ ៣៧ឆ្នាំ និងជាឪពុករបស់កូនៗចំនួន ០២នាក់ ត្រូវបានគេរកឃើញនៅដេកស្លាប់ស្តូកស្តឹង ដោយសារតែរបួសស្នាមកាំភ្លើង នៅចំដើមទ្រូងរបស់លោក ស្របពេលដែលមន្រ្តីកងអង្គរក្សរូបនេះ បានស្ថិតនៅក្នុងកន្លែងប្រចាំការ ក្នុងសួនច្បារបរិវេណវិមានប្រធានាធិបតី Malacanang Palace ដែលជាទីស្នាក់នៅរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ តែនៅពេលកើតហេតុ លោក ឌូតឺតេ ពុំមានវត្តមាននៅទីនោះឡើយ។
គួរបញ្ជាក់ថា ខណៈពេលនេះ សេចក្តីថ្លែងការណ៍ខាងលើបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការស្លាប់នេះឡើយ ពីព្រោះថាកងកម្លាំង PSG កំពុងរង់ចាំ ការស៊ើបអង្កេតលើហេតុការណ៍បាញ់ប្រហារនេះ ដែលកំពុងបន្តប្រព្រឹត្តទៅដដែល៕