(ប្រេស៊ីល)៖ ការសិក្សាមួយចេញផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលអង់គ្លេស Oxfam នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថា មហាសេដ្ឋីទាំង០៦រូប នៅក្នុងប្រទេសប្រេស៊ីលមានលុយស្មើនឹងចំនួនប្រជាជនប្រេស៊ីលជិតពាក់កណ្ដាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមការសិក្សាខាងលើ មហាសេដ្ឋីប្រេស៊ីល លោក កាឡូស អាល់បឺតូ ស៊ីឃ្យូភីរ៉ា (Carlos Alberto Sicupira) មកពីក្រុមហ៊ុន AB Inbev, លោក ចូសិព សាហ្វ្រា (Joseph Safra) ម្ចាស់ធនាគារ Safra Bank និងលោក អេឌូអាឌូ សាវើរីន (Eduardo Saverin) មកពីក្រុមហ៊ុន Facebook រួមទាំងមហាសេដ្ឋី០៣នាក់ផ្សេងទៀត មានលុយស្មើនឹងប្រជាជន ១០០លាននាក់ នៃប្រទេសប្រេស៊ីល ដែលមានប្រជាជនសរុប ២០៧.៧លាននាក់ (តួលេខឆ្នាំ២០១៦) ខណៈចំនួនអ្នកមានជាងគេ ៥ភាគរយ នៃប្រជាជនប្រេស៊ីល ដែលរកចំណូលបានស្មើនឹង ៩៥ភាគរយ នៃប្រជាជនសរុប។
បន្ថែមពីលើនេះ ក្រៅតែពីបង្ហាញពីគម្លាតរវាងអ្នកក្រ និងអ្នកមាន ការសិក្សាដដែលក៏បានឱ្យដឹងដែរថា ប្រជាជនប្រេស៊ីលស្បែកខ្មៅរកលុយបានតិចជាងប្រជាជនស្បែកស រីឯស្ត្រីនៅតែរកចំណូលបានតិចជាងបុរស ហើយបើតាម Oxfam ប្រេស៊ីលគឺជាប្រទេសជាប់លំដាប់ទី ០៣ ខាងអសមភាពនៅក្នុងតំបន់អាមេរិកឡាទីន ដោយឈរពីលើប្រទេសកូឡុំប៊ី និងហុងដូរ៉ាស់៕