(យូអិន)៖ អស់ពីកូរ៉េខាងជើង ឥឡូវនេះប្រមុខការទូតវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានប្រៀបប្រដូចពាក្យសម្តីរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក កាលពីសប្តាហ៍មុននោះថា ជាការប្រកាសសង្រ្គាមសុទ្ធសាធជាមួយប្រទេសរបស់លោក ហើយលោក Arreaza បានសន្យាថា នឹងចាត់វិធានតបតទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានលើកឡើងថា «ដោយធ្វើដូចជាខ្លួនឯងដូចជាអធិរាជនៃពិភពលោក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកវេទិកាអន្តរជាតិ ដែលកសាងឡើងសម្រាប់សន្តិភាពមួយនេះ ធ្វើជាឈ្នាន់ដើម្បីប្រកាសសង្រ្គាម កម្ទេចរដ្ឋដែលជាសមាជិក និងប្រើប្រាស់វិធានការ ឯកតោភាគីខុសច្បាប់។ ដូច្នេះហើយថ្ងៃនេះ យើងត្រូវតែផ្តល់ដំណឹងទៅកាន់ពិភពលោកថា ប្រជាជនរបស់យើង បានទទួលរងការគំរាមកំហែងដោយផ្ទាល់ ពីសំណាក់មេដឹកនាំអាមេរិករូបនេះ»។
គួរបញ្ជាក់ថា ក្រៅពីថ្កោលទោស និងរិះគន់ធ្ងន់លើរបបដឹកនាំ របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅ UN នាម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចាត់បញ្ជូល ប្រទេសអាមេរិកឡាទីនមួយនេះ ទៅក្នុងបញ្ជីដែលជាប់បម្រាមធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ថែមទៀតផង រួមជាមួយនិងប្រទេសកូរ៉េខាងជើង៕