(ម៉ូស្គូ)៖ សារព័ត៌មាន Politico និងក្រុមហ៊ុនស្រាវជ្រាវ Greenberg Quinlan Rosner Research បានចេញផ្សាយនូវលទ្ធផល នៃការស្ទង់មតិមួយដែលបង្ហាញថា ប្រជាជនអង់គ្លេស ៥១ភាគរយ គាំទ្រឱ្យមានការរៀបចំការបោះឆ្នោតប្រជាមតិ ចាកចេញពីសហភាពអ៊ឺរ៉ុប ឬ Brexit ជាលើកទី២ ខណៈ ៣៩ភាគរយជំទាស់នឹងគំនិតនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ការស្ទង់មតិខាងលើចេញផ្សាយកាលពីថ្ងៃចន្ទ ក៏បានឱ្យដឹងដែរថា ចំនួនប្រជាជនអង់គ្លេស គិតថាលទ្ធផលនៃអនាគតប្រទេសរបស់ខ្លួន បន្ទាប់ពី Brexit បានធ្លាក់ចុះ បានកើនដល់ ៤៦ភាគរយ រីឯអ្នកដែលប្រឆាំងនឹងគំនិតបង់ប្រាក់ ៥០ពាន់លានផោន ឬ ៥៦.៦ពាន់លានដុល្លារ ក្នុងការផ្សះផ្សាការលែងលះជាមួយសហភាពអឺរ៉ុប មានចំនួន ៦០ភាគរយ និងមានតែ ២៣ភាគរយ ទទួលយកគំនិតនេះ។
មិនតែប៉ុណ្ណោះ ប្រជាជនអង់គ្លេស ៥៤ភាគរយ ក៏បានជំទាស់ផងដែរចំពោះការបង់ប្រាក់ ៣០ពាន់លានផោន ឱ្យសហភាពអឺរ៉ុប ខណៈ២៩ភាគរយគំាទ្រ។ ជាងនេះទៅទៀត បើតាមការស្ទង់មតិនេះដដែល ពួកគេបានបង្ហាញការមិនសប្បាយចិត្ត ចំពោះទិសដៅដែលប្រទេសរបស់ពួកគេកំពុងដើរ ដោយក្នុងនោះ ៥២ភាគរយ គិតថាទិសដៅបច្ចុប្បន្នគឺ«ខុស» ហើយមានតែ ៣០ភាគរយយល់ថា «ត្រូវ»។
គួរបញ្ជាក់ថា ការស្ទង់មតិខាងលើធ្វើឡើងនៅចន្លោះពីថ្ងៃ១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ជាមួយអ្នកផ្ដល់សម្ភាសន៍ ១,២០០នាក់។ ចក្រភពអង់គ្លេសបានបោះឆ្នោតប្រជាមតិស្ដពី Brexit កាលពី ឆ្នាំ២០១៦កន្លងទៅ ហើយកិច្ចចរចារវាងទីក្រុងឡុងដ៍ និងសហភាពអឺរ៉ុប បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃទី១៩ ខែមិថុនា ក៏ដូចជាគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០១៩៕