(ម៉ានីល)៖ ហេតុការណ៍បាញ់ប្រហារមួយ បានកើតមានឡើងនៅក្បែរវិមានប្រធានាធិបតីហ្វីលីពីន ក៏ប៉ុន្តែពុំមានការបញ្ជាក់ថា មានមនុស្សស្លាប់ ឬក៏រងរបួសដែរឬអត់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមកងអង្គរក្សប្រធានាធិបតី PSG ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុងសួនច្បារ Malacanag ដែលស្ថិតនៅទល់មុខវិមានប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ស្នាក់នៅ តែ លោក ឌូតឺតេ ពុំមានវត្តមាននៅទីនោះ ក្នុងពេលកើតហេតុឡើយ។
ជាមួយគ្នានេះ អ្នកនាំពាក្យ PSG បានចេញមុខថ្លែងថា ពួកគេកំពុងតែធ្វើការស៊ើបអង្កេត ទៅលើរឿងនេះហើយ ក៏ប៉ុន្តែបានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតដទៃទៀតឡើយ ហើយក៏មិនបញ្ជាក់ថា មាននរណារងរបួស ឬមួយក៏បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារនេះដែរ។
គួរបញ្ជាក់ថា PSG នឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ជុំវិញហេតុការណ៍ខាងលើ នាប៉ុន្មានម៉ោងខាងមុខ នៅក្នុងថ្ងៃអង្គារនេះ៕