(អង់ការ៉ា)៖ កងទ័ពអ៊ីរ៉ាក់បានធ្វើដំណើរទៅដល់ប្រទេសតួកគីហើយ ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នា នៅតំបន់ព្រំដែនតួកគី-អ៊ីរ៉ាក់ បន្ទាប់ពីប្រទេសទាំងពីរបាន ព្រមានរដ្ឋាភិបាលឃើដ ដែលបានរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ កាលពីថ្ងៃចន្ទ ខណៈលទ្ធផលនឹងត្រូវនៅ ៧២ម៉ោង បន្ទាប់បើគ្មានការប្រែប្រួល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពតួកគី កងទ័ពអ៊ីរ៉ាក់នឹងចូលរួមក្នុងសមយុទ្ធយោធាដំណាក់កាលទីបី នៅថ្ងៃអង្គារនេះ នៅឯតំបន់ព្រំដែនរវាប្រទេសទាំងពីរក្នុងស្រុក ស៊ីឡូពី (Silopi) នៃខេត្ត ស៊ឺណាក់ (Sirnak)។ ក៏ប៉ុន្តែប្រភពពីយោធាតួកគីមិនបញ្ចញឈ្មោះម្នាក់ បានប្រាប់ស៊ីនហួរថា កងទ័ពពិសេសអ៊ីរ៉ាក់ ២៥នាក់ ក៏បានធ្វើដំណើរមកដល់ប្រទេសតួកគីផងដែរ តាមរយៈយន្ដហោះ AC-130 ដើម្បីចូលរួមនៅក្នុងសមយុទ្ធយោធានេះ ដែលត្រូវធ្វើឡើងនៅក្នុងបរិបទនៃការព្រួយបារម្ភ ខ្លាចក្រែងសង្រ្គាមនៅក្នុងតំបន់ផ្ទុះឡើង បើសិនជាឃើដប្រកាសឯករាជ្យ។
គួរបញ្ជាក់ថា អ៊ីរ៉ាក់ តួកគី អ៊ីរ៉ង់ រួមទាំងសហរដ្ឋអាមេរិកបានប្រឆាំងជំទាស់នឹងការបោះឆ្នោតប្រជាមតិឃើដ ត្បិតពួកគេយល់ថា វាអាចនឹងបង្កអស្ថរភាពនៅក្នុងតំបន់ ហើយមានតែអ៊ីស្រាអែល តែមួយគត់ចេញមុខគាំទ្រឃើដជាសាធារណៈ។ មួយវិញទៀត តួកគី បានព្រមានថា នឹងចាត់វិធានការ រីឯសភាអ៊ីរ៉ាក់បានស្នើឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់បញ្ចូនកងទ័ព ទៅកាន់តំបន់ជម្លោះដែលកងកម្លាំងឃើដ បានដណ្ដើមគ្រប់គ្រងចាប់តាំងពីការឈា្លនពានរបស់ សហរដ្ឋអាមេរិកផ្ដួលរំលំរបបដឹកនាំ សាដដំា ហូសេន កាលពីឆ្នាំ២០០៣។
តំបន់ជម្លោះជាមួយឃើដលើកឡើងដោយ សភាអ៊ីរ៉ាក់ ស្ថិតនៅខាងក្រៅខេត្តសម្បូរប្រេងចំនួនបី នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលដំបូងឡើយជាតំបន់ស្វយ័តឃើដ ក្នុងនោះមានខេត្ត ឃើគួក (Kirkouk), ខេត្ត នីនីវ (Ninive) និងខេត្ត សាលាហេដឌីន (Salaheddine) ជាដើម។ ដូច្នេះគេមានតែទន្ទឹមរង់ចំាមើលថា តើសង្គ្រាមអាចនឹងផ្ទុះ ឡើងដែរឬទេ? ក្រោយលទ្ធផលចុងក្រោយ នៃការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យនេះ នឹងត្រូវប្រកាសនៅរយៈពេល ៧២ម៉ោងបន្ទាប់៕