(អាមេរិក)៖ ក្នុងអំឡុងពេលនៃការហោះ Flyby លើកទី០៨ ជុំវិញភពព្រហស្បតិ៍ (Jupiter) យានអវកាស Juno របស់អង្គការ NASA បានផ្តិតយករូបភាពស្អាតៗប្លែកភ្នែកបន្ថែមទៀត នៃបរិយាកាសពោពេញដោយព្យុះពពកកួចខ្មួលខ្មាញ់ របស់ភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ NASA នៅពេលដែលរូបភាពទាំងប៉ុន្មានខាងលើ ដែលស្តែងពីទិដ្ឋភាពរស់រវើក នៃព្យុះទាំងនោះ នៅជុំវិញប៉ូលខាងត្បូងរបស់ Jupiter នោះ យានអវកាស Juno បានស្ថិតនៅចម្ងាយចន្លោះចាប់ពី ១២,១៤៣ ទៅ ២២,៩០៨ គីឡូម៉ែត្រ ពីលើភពដ៏ធំមហិមាមួយនេះ។
គួរបញ្ជាក់ថា យាន Juno តម្លៃ ១.១ពាន់លានដុល្លារ ត្រូវបានបាញ់បង្ហោះកាលពីខែសីហា ឆ្នាំ២០១១ ហើយទៅដល់ភពព្រហស្បតិ៍ នាខែកក្កដា ឆ្នាំ២០១៦ ដែលវាគឺជាយានអវកាសទី០២ ដែលបានធ្វើដំណើរគោចរជុំវិញ Jupiter បន្ទាប់ពីយាន Galileo បានឈប់ដំណើរការកាលពីឆ្នាំ២០០៣។ រូបភាពទាំងឡាយនៃភពព្រហស្បតិ៍ ដែល Juno ថតបាន គឺតាមរយៈការប្រើប្រាស់កាមេរ៉ា ដែលមានឥទ្ធិពលជាងគេបំផុតឈ្មោះ JunoCam ដែលបំពាក់នៅលើយានអវកាសនេះ។
គួរជម្រាបបន្ថែមថា បេសកកម្ម Juno ត្រូវគេរំពឹងថា នឹងបន្តដំណើរការរហូតខែកក្កដា ឆ្នាំ២០១៨ នៅពេលដែលយានផ្កាយរណបនេះ នឹងត្រូវកម្ទេចចោល។ ទោះបីជាបែបនេះក្តី យានអវកាសស្រដៀងគ្នានេះ ដូចជា Cassini ដែលទើបត្រូវបាន NASA ទម្លាក់ខ្លួនកម្ទេចចោលនៅភពសៅរ៍ (Saturn) នោះ បានបន្តប្រតិបត្តិការ លើសពីអាយុជីវិតកំណត់របស់វាទៅទៀត ហើយ Juno នៅតែមានដំណើរការយ៉ាងល្អដដែល ក្នុងអំឡុងពេល ១៤ខែកន្លងទៅ ចាប់តាំងតែពីវាបានទៅដល់ប្រព័ន្ធភពព្រហស្បតិ៍៕