(ហ្សាការតា)៖ មកទល់ពេលនេះ ចំនួនមនុស្សកើនដល់ជាង ៥៧,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈដែលភ្នំភ្លើងមួយកន្លែង នៅលើកោះទេសចរណ៍បាលី (Bali) របស់ប្រទេសឥណ្ឌូណេស៊ី ទំនងជានឹងអាចផ្ទុះឡើងនាពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
បន្ថែមពីនេះអាជ្ញាធរឥណ្ឌូណេស៊ី បានបង្កើនការប្រកាសអាសន្ន និងប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត ស្របពេលដែលភ្នំភ្លើង ហ្គូណាំង អាហ្គុង (Gunung Agung) នៅតែបន្តឲ្យសញ្ញាមិនស្រួលខ្លាំងដដែល។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានឲ្យដឹងថា សកម្មភាពពាក់ព័ន្ធនឹងបាតុភូតភ្នំភ្លើង នៅតែបន្តកើនឡើង ដោយសារចលនានៃសារធាតុសំណម៉ាក់ម៉ា (Magma) ឆ្ពោះមកកាន់ផ្ទៃស្រទាប់ខាងលើនៃផែនដី កាន់តែកញ្រ្ចោលទៅៗ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីមានភ្នំភ្លើងសកម្មជិត ១៣០កន្លែង ដែលវាច្រើនជាងប្រទេសណាៗទាំងអស់ នៅលើពិភពលោកយើងនេះ ហើយកាលពីចន្លោះឆ្នាំ១៩៦៣ និង១៩៦៤ សកម្មភាពបន្ទុះភ្នំភ្លើង Agung បានសម្លាប់ជីវិតមនុស្សច្រើនជាង ១,០០០នាក់ នៅទីនេះ និងបានបណ្តាលឲ្យរបួសរាប់រយនាក់ផ្សេងទៀត៕