(បាងកក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា (Prayut Chan-o-cha) នៅឯសេតវិមាននៅថ្ងៃទី០៣ ខែតុលាខាងមុខនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍សេតវិមាន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រី នឹងពិភាក្សាពីមធ្យោបាយពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញពីសំណាក់ លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានខែមុន។
គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបន្តកិច្ចសហប្រតិបត្តិការខ្លាំងដដែល ជាមួយបណ្តាសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួន គឺប្រទេសថៃ ដែលហាក់មានការងាករេចង្កូតបន្តិច ទៅរកប្រទេសចិន និងរុស្ស៊ី បន្ទាប់ពីទំនាក់ទំនងជាមួយអាមេរិកបានជួបភាពរកាំរកូស ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ កាលពីខែឧសភា ឆ្នាំ២០១៤។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏ទើបតែបញ្ចប់ទស្សនកិច្ចនៅអាមេរិក កាលពីសប្តាហ៍មុននេះដែរ និងបានចុះកិច្ចព្រមព្រៀងទិញយន្តហោះ ៤០គ្រឿង ថែមទៀតពីក្រុមហ៊ុន Boeing អាមេរិក៕