Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជាច្រើនរយនាក់ រស់នៅអាល្លឺម៉ង់ ស្វីស និងអង់គ្លេស បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានចូលរួមរបស់លោក ហ៊ុន ម៉ាណែត

26-09-2017 10:29

(អឺរ៉ុប)៖ ដោយមើលឃើញពីគុណសម្បត្តិជាច្រើន របស់គណបក្សប្រជាប្រជនកម្ពុជា បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលរស់នៅក្នុងប្រទេសចំនួន៣រួមមាន៖ ប្រទេសអាល្លឺម៉ង់ ស្វីស និង ប្រទេសអង់គ្លេស បានចូលរួមក្នុងពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ក្នុងពេលដែលលោក បាននិងកំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំក្រុមការងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជននៅក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសដែលមានឆន្ទៈ ការគាំទ្រ ការស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមសកម្មភាពគណបក្ស។ ការរៀបចំនេះក៏មិនខុសពីគណបក្សនយោបាយដទៃ ដែលបានធ្វើសកម្មភាពកន្លងមកនៅក្រៅប្រទេសនាពេលកន្លងមក។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាប្រជនកម្ពុជានៅជាមួយប្រជាជន បម្រើប្រជាជនព្រោះយើងមានគោលការច្បាស់ ជួយប្រជាជនគ្រប់ទីកន្លែងទីកន្លែងទាំងក្នុង និងក្រៅប្រទេសរួមមាននិស្សិត ប្រជាពលរដ្ឋ កម្មករ ពលករជាដើម។ យើងមានឆន្ទៈរួមគ្នា យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា យើងឱ្យតម្លៃគណបក្សនេះព្រោះបានជួយជីវិតមនុស្ស ព្រមទាំងហ៊ានលះបង់ជីវិតតស៊ូស្វែងរកសុខសន្តិភាពជូនប្រជាជនមកដល់ថ្ងៃនេះ»

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា សូមបងប្អូនជឿទុកចិត្តនូវភាពរឹងមាំរបស់គណបក្ស ទុកចិត្តទៅលើការសម្រេចចិត្តរបស់បងប្អូន ជឿទុកចិត្តលើស្មារតីរួបរួមគ្នាដើម្បីគណបក្សយើងឈ្នះនិងបន្តឈ្នះ។ លោកបានថ្លែងអំណរគុណដល់សមាជិកចំពោះការទុកចិត្ត ការផ្តល់តម្លៃទៅលើអ្វីដែលគណបក្សបានធ្វើចំពោះជាតិមាតុភូមិ។

តាមការបញ្ជាក់របស់លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំនៅទ្វីបអឺរ៉ុប បានឱ្យដឹងថា ពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត និងមានការចូលរួមពីសំណាក់ប្រធានគណៈកម្មាការបក្ស តាមប្រទេសនិមួយ និងក្រុមការងារយុវជនគណបក្សប្រជាជនប្រចាំនៅទ្វីបអឺរ៉ុប សមាជិក សមាជិការបក្សជាច្រើនរូបផងដែរ៕