(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក រួមនិងសេតវិមានបានចេញមុខគូសបញ្ជាក់ឲ្យបានច្បាស់ថា សហរដ្ឋអាមេរិកមិនបានប្រកាសសង្រ្គាមជាមួយកូរ៉េខាងជើងនោះឡើយ ហើយទីក្រុងវ៉ាស៊ីនតោនបានបន្ថែមថា ការលើកឡើងនេះ គឺជារឿងមិនសមហេតុសមផលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនបានបន្តទៀតថា វាមិនត្រឹមត្រូវនោះទេក្នុងការដែលប្រទេសមួយ បាញ់ទម្លាក់យន្តហោះប្រទេសមួយទៀត នៅពេលដែលវាស្ថិតនៅលើដែនអាកាសអន្តរជាតិនោះ។ ទន្ទឹមនឹងនេះ គោលដៅចម្បងរបស់យើងគឺនៅដដែល ដោយយើងនឹងបន្តព្យាយាមសម្រេចឲ្យបាននូវតំបន់ឧបទ្វីបកូរ៉េ ដែលពុំមានអាវុធនុយក្លេអ៊ែរ ហើយវាគឺជាការផ្តោតសំខាន់របស់យើង ធ្វើឡើងតាមរយៈការដាក់សម្ពាធសេដ្ឋកិច្ច និងការទូត ឲ្យបានធ្ងន់បំផុតតាមតែអាចធ្វើទៅបាន នាខណៈពេលនេះ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើរបស់អាមេរិកត្រូវបានធ្វើឡើង បន្ទាប់ពីយប់ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានអះអាងថា រដ្ឋកុម្មុយនិស្តមួយនេះមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីចាត់វិធានការឆ្លើយតប ប្រឆាំងនឹងសហរដ្ឋអាមេរិករួមទាំងការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក ដែលហោះហើរនៅក្រៅ ដែនអាកាសរបស់កូរ៉េខាងជើងផងដែរ ដោយលើកហេតុផលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសង្រ្គាមជាមួយប្រទេសអាស៊ីខាងកើតមួយនេះ កាលពីអំឡុងពេលថ្លែងសារ គំរាមកម្ទេចកូរ៉េខាងជើង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍មុន៕