(វ៉ាស៊ីនតោន)៖ អតីតឧត្ដមសេនីយ៍​កងទ័ពអាកាស​អាមេរិក លោក រ៉ូប ហ្គីវិនស៍ (Rob Givens) បាននិយាយថា មន្ទីរបញ្ចកោណបានវាយតម្លៃ​ថា ប្រជាជន​កូរ៉េខាងត្បូងយ៉ាងហោចណាស់ ២០,០០០នាក់ អាចនឹងត្រូវបាត់បង់ជីវិតក្នុងមួយថ្ងៃៗ នៅក្នុងករណី​ដែលសង្រ្គាមជាមួយ​កូរ៉េខាងជើង ផ្ទុះឡើងសាជាថ្មី​នៅលើ​ឧបទ្វីបកូរ៉េ។ ការថ្លែងបែបនេះ​ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាន អនុញ្ញាតឱ្យ​យន្ដហោះទម្លាក់​គ្រាប់បែក​អាមេរិក B-1B ហោះហើរក្បែរ​តំបន់ឆ្នេរភាគខាងកើត​ប្រទេស​កូរ៉េខាងជើង កាលពីសៅរ៍​កន្លងទៅ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម លោក Rob Givens សង្រ្គាមជាមួយ​កូរ៉េខាងជើង មិនមែនដូចជា​សង្រ្គាមជាមួយ​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬក៏សង្រ្គាម​ទម្លាក់របបដឹកនាំ​លីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ឡើយ ព្រោះទីក្រុង​ព្យុងយ៉ាង មិនងាយស្រួល​ដូចជាប្រទេស​ទាំងនេះ​ឡើយ ហើយរឹតតែ​មិនដូចទៅទៀតនោះ​ គឺរបបកុម្មុយនីស្ដ​មួយនេះស្ថិតនៅ​ទីតាំងភូមិសាស្ត្រ​ក្បែរចិន និងរុស្ស៊ី។ បន្ថែមពីលើនេះ ថ្លែងប្រាប់​កាសែត Angeles Times កាលពីថ្ងៃចន្ទ លោក Givens បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរបញ្ចកោណ​បានវាយតម្លៃថា​ ប្រជាជន​កូរ៉េខាងត្បូង ២០,០០០នាក់ អាចនឹង​ត្រូវបាន​សម្លាប់ក្នុង​មួយថ្ងៃ នៅក្នុងករណី​ដែលសង្រ្គាម​ជាមួយកូរ៉េខាងជើង​ ផ្ទុះឡើងសាជាថ្មីនៅលើ​ឧបទ្វីបកូរ៉េ ហើយចំនួននេះ​មិនទាន់រាប់បញ្ចូល​ជនរងគ្រោះរបស់​កូរ៉េខាងជើង​ដែលមាន ប្រជាជនចន្លោះពី ២៧ ទៅ ២៨លាននាក់ផង»

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់ថា ការកត់សម្គាល់របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខ​មហាសន្និបាត អង្គការ​សហប្រជាជាតិ កាលពី​សប្ដាហ៍មុន គឺប្រៀបបាន​ទៅនឹងការប្រកាស​សង្រ្គាម ជាមួយប្រទេសរ​បស់លោក ហើយថាទីក្រុងព្យុងយ៉ាង​ មានសិទ្ធិបាញ់ទម្លាក់រាល់​យន្ដហោះ​ចម្បាំង​អាមេរិក។
«វាជាសេចក្ដីថ្លែងការណ៍​ប្រកាសសង្រ្គាម​យ៉ាងច្បាស់ក្រឡែត ពីព្រោះវាជាពាក្យ​សម្ដីចេញពី​មាត់ប្រធានាធិបតីអា​មេរិក​ម្នាក់ ដែលកំពុងកាន់​អំណាច... ដូច្នេះបើសិនវា​ជាការប្រកាស​សង្រ្គាម ទោះបីជាយន្ដហោះ​ទម្លាក់គ្រាប់បែក​អាមេរិក មិនបានហោះហើរ​ក្នុងដែនអាកាស​កូរ៉េខាងជើងក៏ដោយ ក៏យើងនឹងចាត់​រាល់វិធានការទំាងអស់ ដើម្បីការពារខ្លួនឯង​ក្នុងនោះរួមមានទាំង ការបាញ់ទម្លាក់យន្ដហោះទម្លាក់​គ្រាប់បែកអាមេរិក»។ នេះគឺជាសម្ដី​របស់លោក Ri Yong Ho ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្នុងទីក្រុងញួយ៉ក កាលពីថ្ងៃចន្ទ៕