(ឌូបៃ)៖ ស្ត្រីឈ្មោះ Iman Abd Al-Ati ដែលធ្លាប់មានរហស្សនាមថា ជា ស្រ្តីដែលមានទម្ងន់ធ្ងន់ជាងគេបំផុតលើលោក ពោលគឺដល់ទៅ ៥០០គីឡូក្រាមនោះ បានទទួលមរណភាពបាត់ទៅហើយ នាថ្ងៃចន្ទនេះ នៅឯទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមប្រភពពីវេជ្ជបណ្ឌិតឯកទេស ប្រចាំមន្ទីរពេទ្យ Burjeel ក្នុងទីក្រុង Abu Dhabi ស្រ្តីជនជាតិអេហ្ស៊ីបខាងលើ បានបាត់បង់ជីវិតដោយសារតែស្ថានភាពជំងឺជាច្រើនប្រភេទ រួមមានទាំងជំងឺបេះដូង និងក្រលៀនជាដើម។ នាពេលកន្លងមកនេះ លោកស្រី Abd Al-Ati ធ្លាប់បានទទួលការព្យាបាលនៅរាជធានី របស់អេមេរ៉ាត់អារ៉ាប់រួម និងកាលពីប៉ុន្មានខែមុននេះ លោកស្រីត្រូវបានវះកាត់សម្រកទម្ងន់បាន ៦៥គីឡូក្រាម នៅក្នុងមន្ទីរពេទ្យ Burjeel។
គួរបញ្ជាក់ថា លោកស្រី Abd Al-Ati វ័យ ៣៦ឆ្នាំ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Bureej ក្នុងទីក្រុង Abu Dhabi ជាគោលដៅចុងក្រោយកាលពីថ្ងៃទី០៤ ខែសភា ដើម្បីបញ្ចប់ដំណើរទទួលការវះកាត់ព្យាបាលរបស់លោកស្រី ដែលបានចាប់ផ្តើមដំបូង នៅឯទីក្រុង Mumbai នៃប្រទេសឥណ្ឌា ខណៈការវះកាត់ព្យាបាលទាំងប៉ុន្មាន នៅតែពុំអាចជួយសង្រ្គោះជីវិតលោកស្រីបានដដែល៕