(វ៉ាស៊ីនតោន)៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានផ្តាច់ជីវិតជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៨៤នាក់ រួមមានទាំងកុមារចំនួន ៣០នាក់ ក្នុងអំឡុងនៃប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសចំនួន ០២លើក សំដៅកម្ចាត់ក្រុមភេរវករ ISIS នៅក្បែរទីក្រុង Raqqa កាលពីខែមីនាកន្លងទៅ។ នេះបើតាមការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដកស្រង់ដោយសាររុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមការប្រកាសរបាយការណ៍របស់អង្គការ Human Rights Watch ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសចំនួនពីរលើក នៅក្បែរក្រុង Raqqa នៃប្រទេសស៊ីរី កាលពីខែមីនា ឆ្នាំ២០១៧ បានសម្លាប់ប្រជាជនស្លូតត្រង់ យ៉ាងហោចណាស់ចំនួន ៨៤នាក់ ដោយក្នុងនោះរួមមានកុមារដល់ទៅ ៣០នាក់ឯណោះ ដែលប្រការនេះបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងថា ក្រុមចម្រុះអន្តរជាតិ មានអាមេរិកជាអ្នកដឹកនាំនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករជ្រុលនិយម ISIS មិនបានយកចិត្តទុកដាក់ ឬក៏មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយចំនួនជនស៊ីវិល ដែលអាចទទួលរងគ្រោះនោះឡើយ។
អង្គការសិទ្ធិមនុស្សអន្តរជាតិខាងលើនេះបានអះអាងថា សេចក្តីសន្និដ្ឋានរបស់ខ្លួន គឺយោងទៅតាមការស៊ើបអង្កេតយ៉ាងហ្មត់ចត់ លើទីតាំងរងការវាយប្រហារដោយផ្ទាល់ ដែលស្ថិតនៅក្រុងចំនួន០២ ភាគខាងលិចទីក្រុង Raqqa ដោយការវាយប្រហារទីមួយ ត្រូវបានធ្វើឡើងទៅលើសាលារៀនមួយកន្លែង ដែលផ្ទុកទៅដោយក្រុមគ្រួសារជនភៀសខ្លួន ក្នុងក្រុង Mansourah និងទីពីរ ទៅលើផ្សាររួមទាំងហាងនំប៉័ងមួយកន្លែង នៅក្រុង Tabqa កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ Human Rights Watch បានរកឃើញថា ពិតជាមានវត្តមានជនសកម្មប្រយុទ្ធរបស់ ISIS នៅទីតាំងទាំងពីរប្រាកដមែន តែក៏មានវត្តមានប្រជាជនស៊ីវិលជាច្រើននាក់ផងដែរ។
ជុំវិញរឿងនេះ កងកម្លាំងចម្រុះបានចេញមុខទទួលស្គាល់ថា ខ្លួនពិតជាបានបើកការវាយប្រហារ តាមផ្លូវអាកាស ទៅលើសាលារៀននៅ Mansurah មែន ដោយជឿជាក់ថា វាគឺជាទីស្នាក់ការ និងឃ្លាំងស្តុកអាវុធរបស់ក្រុម ISIS ហើយពុំមានវត្តមានជនស៊ីវិលនៅទីនោះឡើយ។ ទន្ទឹមនឹងនេះ ក្រុមចម្រុះដដែលនេះបានអះអាងថា ខ្លួនកំពុងបន្តធ្វើការស៊ើបអង្កេត ទៅលើការចោទប្រកាន់ដែលថា កងយន្តហោះចម្បាំងរបស់ខ្លួន បានផ្តាច់ជីវិតប្រជាជនស្លូតត្រង់ ក្នុងប្រតិបត្តិការវាយប្រហារនៅផ្សារនៃក្រុង Tabqa នៅឡើយទេ៕