(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានទទូចស្នើដោយផ្ទាល់ទៅកាន់ លោក ម៉ាក ហ្សាក់គើបឺហ្គ (Mark Zuckerberg) ដែលជាបិតាស្ថាបនិក និងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook ដើម្បីទប់ស្កាត់ ក៏ដូចជាបង្រ្កាប ការរីករាលដាលឡើងនៃព័ត៌មានមិនពិត (Fake News) នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេបំផុត ប្រចាំពិភពលោកមួយនេះ ក្នុងអំឡុងជំនួបមួយ ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៥ កាលពីឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ការជួបពិភាក្សាគ្នាខាងលើត្រូវគេរាយការណ៍ថា បានកើតមានឡើង ក្នុងឱកាសកិច្ចប្រជុំមេដឹកនាំពិភពលោកមួយ ដែលបានប្រព្រឹត្តទៅនៅឯទីក្រុងលីម៉ា នៃប្រទេសប៉េរូ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺរយៈពេលប្រមាណជា ០២ខែ មុនពេល លោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាមេដឹកនាំថ្មី របស់សហរដ្ឋអាមេរិក និងប៉ុន្មានថ្ងៃក្រោយពី លោក Zuckerberg បានទាត់ចោលការលើកឡើងដែលថា ព័ត៌មានបំភ្លៃគ្មានការពិតនានា ដែលបំផុសបំផុលឡើងដោយក្រុមចារកិច្ចរុស្ស៊ី បានបង្កជាផលប៉ះពាល់ខ្លាំង ដល់លទ្ធផលនៃការបោះឆ្នោតនាឆ្នាំមុន នៅសហរដ្ឋអាមេរិក។
តាមប្រភពព័ត៌មានដដែល នាជំនួបកាលនោះ «លោក Zuckerberg បានទទួលស្គាល់បញ្ហា ដែលបង្កឡើងដោយព័ត៌មានមិនពិត ក៏ប៉ុន្តែមហាសេដ្ឋីវ័យក្មេងរូបនេះ បានប្រាប់លោក អូបាម៉ា ថាសារទាំងនោះ មិនបានរីករាលដាលខ្លាំង ពាសពេញបណ្តាញ Facebook ឡើយ ហើយវាក៏មានវិធីសាស្រ្តងាយស្រួល ដើម្បីដោះស្រាយបញ្ហានេះដែរ»។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍ព័ត៌មានខាងលើ បានកើតមានឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពី Facebook បានប្រកាសថា នឹងប្រគល់ទៅឲ្យសភាអាមេរិក នូវការផ្សព្វផ្សាយនានា ដែលខ្លួនបានរកឃើញថា ត្រូវបាន Fake Account មួយចំនួន មានទំនាក់ទំនងនឹងប្រទេសរុស្ស៊ី ធ្វើការទិញយកក្នុងគោលបំណងដុតរោលស្ថានការណ៍នយោបាយអាមេរិក នៅមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៦ របស់អាមេរិក៕