(អ៉ីស្លាម៉ាបាដ)៖ កងកម្លាំងយោធាពិសេសរុស្ស៊ី និងប៉ាគីស្ថាន នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រឆាំងភេរវកម្មឈ្មោះ «DRUZBA 2017» មានរយៈពេល ០២សប្ដាហ៍នៅក្នុងទីក្រុងមីនឺរ៉ាល់យ៉េ វ៉ូឌី (Mineralnye Vody) ប្រទេសរុស្ស៊ី ហើយពិធីបើកសមយុទ្ធនេះ ក៏មានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ នៃប្រទេសទាំងពីរផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះ យោធាប៉ាគីស្ថាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក៏បានឱ្យដឹងដែរថា សមយុទ្ធរួមគ្នានេះ នឹងផ្ដោតសំខាន់លើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ជួយរំដោះចំណាប់ខ្មាំង សម្របសម្រួល និងប្រតិបត្តិការស្វែងរកជាដើម។ ជាងនេះទៅទៀត តាមរយៈសមយុទ្ធនេះ នឹងជួយពង្រឹងទំនាក់ទំនងយោធារវាងរុស្ស៊ី និងប៉ាគីស្ថាន ឱ្យកាន់តែជិតស្និទ្ធ ខណៈទំនាក់ទំនងរវាងទីក្រុងអ៉ីស្លាម៉ាបាដ និងទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពរង្គោះរង្គើខ្លាំងនឹងគ្នា។
គួរបញ្ជាក់ថា នេះគឺជាលើកទី០២ ក្នុងរយៈពេលមួយឆ្នាំដែលប៉ាគីស្ថាន និងរុស្ស៊ីធ្វើសមយុទ្ធយោធារួមគ្នា បន្ទាប់ពីកាលពីខែកញ្ញា ឆ្នាំ២០១៦ កងកម្លាំងពិសេសរុស្ស៊ី ១០០នាក់ បានចូលរួម ក្នុងសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន៕