(បាកដាដ)៖ បើទោះជាទទួលរងការព្រមានពីបណ្ដារដ្ឋជិតខាង និងការព្រួយបារម្ភថា សង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើងក៏ដោយ ក៏រដ្ឋាភិបាលនៃក្រុមជនជាតិឃើដ ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បានចាប់ផ្ដើមជាផ្លូវការហើយការបោះឆ្នោតប្រជាមតិ ស្ថិតនៅក្នុងគោលដៅប្រកាសឯករាជ្យនៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ហើយលទ្ធផលចុងក្រោយនឹងត្រូវប្រកាស នៅរយៈពេល ៧២ម៉ោងបន្ទាប់។ ក៏ប៉ុន្តែទន្ទឹមនឹងគ្នានេះ លទ្ធផលត្រូវបានគេទាយទុកជាមុនថា ប្រជាជនឃើដនឹងបោះឆ្នោត «Yes» ឬយល់ព្រមឱ្យឃើដប្រកាសឯករាជ្យ ដែលនេះនឹងផ្ដល់អាណត្តិឱ្យមេដឹកនាំឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) ស្វែងរកកិច្ចចរចាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋជិតខាងមួយចំនួន។
ថ្លែងនៅពេលតម្រង់ជួររង់ចំាបោះឆ្នោត នៅឯសាលារៀនមួយកន្លែង ក្នុងទីក្រុង អឺប្រ៊ីល (Erbil) ជារដ្ឋធានីឃើដ ពលរដ្ឋឃើដម្នាក់ឈ្មោះ រីសហ្គា (Rizgar) បានលើកឡើងយ៉ាងដូច្នេះថា « យើងរង់ចំាពេលវេលានេះ អស់រយៈពេល ១០០ឆ្នាំមកហើយ... យើងចង់មានរដ្ឋដូចគេឯង ជាមួយនឹងជំនួយពីព្រះជាម្ចាស់ ហើយនៅថ្ងៃនេះគឺជាថ្ងៃគួរឱ្យសាទរ សម្រាប់ប្រជាជនឃើដទាំងអស់... បើព្រះជាម្ចាស់ត្រូវការ យើងនឹងនិយាយថា «Yes» ទៅកាន់ឃើដជាទីស្រឡាញ់របស់យើង»។
គួរបញ្ជាក់ តួកគី អ៊ីរ៉ាក់ ស៊ីរី និងរដ្ឋជិតខាងមួយចំនួនទៀត សុទ្ធតែជំទាស់នឹងឯករាជ្យរបស់ឃើដ ដោយពួកគេសុទ្ធតែអះអាងដូចគ្នាថា នឹងចាត់វិធានការឆ្លើយតប បើសិនជាឯករាជ្យឃើដធ្វើឱ្យ ប៉ះពាល់ដល់ស្ថេរភាពនៅក្នុងតំបន់ ឬក៏សន្តិសុខនៅក្នុងប្រទេសរបស់ពួកគេ ខណៈមានតែអ៊ីសា្រអែលតែមួយគត់ ដែលបានចេញមុខគាំទ្រជាសាធារណៈឱ្យឃើដប្រកាសឯករាជ្យ៕