(វ៉ាស៊ីនតោន)៖ ទោះបីជាភពអង្គារ (Mars) បច្ចុប្បន្នគឺជាគោលដៅចម្បង សម្រាប់បញ្ជូនមនុស្សទៅធ្វើការសិក្សាស្រាវជ្រាវក៏ដោយក្តី ទីភ្នាក់ងារអវកាសអាមេរិក NASA នៅតែត្រៀមលក្ខណៈរួចរាល់ជាស្រេច ដើម្បីបង្វែរការយកចិត្តទុកដាក់ ទៅរកឋានព្រះច័ន្ទរបស់យើងវិញ ប្រសិនរដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យធ្វើយ៉ាងដូច្នោះមែននោះ ដោយគម្រោងសម្រាប់ទៅកាន់ភពអង្គារ អាចត្រូវសម្របខ្លួន សម្រាប់បេសកកម្មទៅកាន់ព្រះច័ន្ទបាន។ នេះបើតាមការចេញផ្សាយដោយវែបសាយ Futurism នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
សព្វថ្ងៃនេះ អាទិភាពចម្បងរបស់អង្គការ NASA នៅពេលពាក់ព័ន្ធនឹងការធ្វើដំណើរក្នុងទីអវកាស គឺធ្វើយ៉ាងណា នាំយកមនុស្សទៅកាន់ភពព្រះអង្គារឲ្យឆាប់ តាមតែអាចធ្វើទៅបាន។ ដោយឡែក ទីភ្នាក់ងារអវកាសអាមេរិកនេះ ធ្លាប់បានបង្ហើបឲ្យដឹងថា ខ្លួនប្រហែលជា មិនអាចបញ្ជូនមនុស្សទៅកាន់ភពក្រហម Mars បានឡើយ ដោយសារបញ្ហាខ្វះខាត ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក៏ប៉ុន្តែគម្រោងសំខាន់ៗមួយចំនួន មកពីក្រុមហ៊ុនអវកាសឯកជនដូចជា SpaceX ជាដើមនោះ បានរក្សាក្តីសុបិន្តនេះឲ្យនៅបន្តមានដង្ហើមតទៅមុខទៀត។
យ៉ាងណាមិញ ប្រសិនបើរដ្ឋាបាលអាមេរិកបច្ចុប្បន្ន សម្រេចថានឹងផ្លាស់ប្តូរការយកចិត្តទុកដាក់ ទៅលើឋានព្រះច័ន្ទវិញនោះ NASA នឹងនៅតែអាចសម្របខ្លួនតាមបានជានិច្ច។ ថ្លែងអំពីសមត្ថភាពរបស់ NASA ក្នុងការធ្វើដំណើរទៅកាន់ព្រះច័ន្ទ ក្នុងករណីដែលត្រូវបង្គាប់ឲ្យធ្វើយ៉ាងដូច្នោះនោះ លោកស្រី Ellen Ochoa នាយកមជ្ឈមណ្ឌលអវកាស Johnson របស់អង្គការ NASA បាននិយាយថា «ខ្ញុំគិតថា យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទៅកាន់ឋានព្រះច័ន្ទ ដោយវាមិនប្រឆាំងជាមួយនឹងអ្វីដែលយើងកំពុងធ្វើនោះឡើយ»។
គួរបញ្ជាក់ថា យានអវកាស Orion របស់ NASA គឺជាកូនសោដ៏សំខាន់មួយ សម្រាប់គម្រោងទៅកាន់ភពអង្គារ របស់ទីភ្នាក់ងារអវកាសនេះ ខណៈវារួមទាំងប្រព័ន្ធរ៉ុក្កែត Space Launch System នឹងត្រូវឆ្លងកាត់ការសាកល្បងនៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២៣។ ក្រោយមកទៀត ការសាងសង់ស្ថានីយ៍អវកាស Deep Space Gateway នៅក្បែរឋានព្រះច័ន្ទ នឹងចាប់ផ្តើម ដែលវានឹងត្រូវប្រើប្រាស់ជាមូលដ្ឋានមួយ សម្រាប់បេសកកម្មនាពេលអនាគត ទៅកាន់ភពអង្គារ និងសកម្មភាពនានា នៅលើព្រះច័ន្ទផ្ទាល់តែម្តង៕