(សេអ៊ូល)៖ គណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនកូរ៉េខាងជើង បានផ្ញើលិខិតចំហមួយ ថ្កោលទោសប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់បណ្ដាសភាបរទេស ហើយនៅក្នុងលិខិតនេះ ទីក្រុងព្យុងយ៉ាង ក៏បានអំពាវនាវឱ្យបង្កើតក្រុមចំរុះមួយ ប្រឆាំងនឹងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា ការគំរាមកម្ទេចកូរ៉េខាងជើង ពីសំណាក់លោក ដូណាល់ ត្រាំ គឺជាការប្រមាថមិនអាចអត់ឱន ឱ្យបានជាដាច់ខាតសម្រាប់ប្រជាជនកូរ៉េខាងជើង។ ដូច្នេះគណៈកម្មាធិការកិច្ចការបរទេស បានផ្ញើលិខិតចំហមួយ ថ្កោលទោសប្រធានាធិបតីអាមេរិករូបនេះ ទៅកាន់បណ្ដាសភាបរទេស ក៏ដូចជាស្នើឱ្យសភាទាំងនេះ បំពេញបេសកកម្ម និងភារកិច្ចរបស់ពួកគេ ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងយុត្តិធម៌នៃមនុស្សជាតិ និងសន្តិភាពអន្តរជាតិ ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រឈមមុខនឹងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ គណៈកម្មាធិការមួយនេះ មិនបានបញ្ជាក់ពីឈ្មោះប្រទេស ដែលខ្លួនបានផ្ញើលិខិតជូននោះឡើយ។
គួររំលឹកថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានគំរាមកម្ទេចកូរ៉េខាងជើងទៅជាផេះ ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីការវាយប្រហារជាយថា ហេតុណាមួយពីកូរ៉េខាងជើង។ ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងចាត់វិធានការសកម្មភាពក្នុងកំរិតខ្ពស់បំផុត ហើយថាតាមរយៈការព្រមាននេះវាបានបង្ហាញយ៉ាងច្បាស់ថា ផ្លូវដែលប្រទេសលោកកំពុងដើរសព្វថ្ងៃ គឺត្រឹមត្រូវបំផុត។ ចំណែកឯរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង ក៏បានអះអាងដែរថា វិធានការឆ្លើយតបរបស់ លោក គីម អាចជាការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែន នៅមហាសមុទ្រប៉ាស៊ីហ្វិក៕