(ម៉ានីល)៖ រដ្ឋាភិបាលទីក្រុងម៉ានីលនាថ្ងៃចន្ទនេះ បានធានាអះអាងចំពោះទីក្រុងហាណូយថា ខ្លួននឹងបើកការស៊ើបអង្កេតមួយ ប្រកបដោយភាពសុក្រិត្យត្រឹមត្រូវ និងហ្មត់ចត់បំផុត ទៅលើការស្លាប់របស់ប្រជានេសាទជនជាតិវៀតណាម ០២នាក់ ក្នុងអំឡុងហេតុការណ៍ដ៏អកុសល្យមួយ ពាក់ព័ន្ធកងទ័ពជើងទឹកហ្វីលីពីន នៅលើផ្ទៃសមុទ្រក្បែរខេត្ត ផាងហ្គាស៊ីណាន (Pangasinan) កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន ប្រមុខការទូតហ្វីលីពីន លោក អាឡាន ភីធើ កាយ៉េតាណូ (Alan Peter Cayetano) បានធ្វើការធានាអះអាងបែបនេះ ដល់លោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម កាលពីអំឡុងកិច្ចប្រជុំមិនផ្លូវការ រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅឯទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប៉ុន្មានម៉ោងក្រោយហេតុការណ៍ខាងលើបានកើតឡើង។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលហ្វីលីពីន ហេតុការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានទាក់ទិននឹងនាវាល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកហ្វីលីពីន រួមទាំងទូកនេសាទចំនួន ០៦គ្រឿង របស់វៀតណាម នៅលើផ្ទៃសមុទ្រក្បែរភាគខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន ហើយដោយសង្ស័យថា ជាការនេសាទខុសច្បាប់ នាវាល្បាតហ្វីលីពីនក៏បានបើកដេញតាមក្រុមទូកនេសាទវៀតណាម។ ក្រោយមកទៀត ទូកនេសាទមួយគ្រឿង ក៏បានបើកបុកនាវាល្បាត ជាហេតុបណ្តាលឲ្យក្រុមនាវិកហ្វីលីពីន បើកការបាញ់ប្រហារព្រមានតបតទៅវិញ ប៉ុន្តែក្រោយមកក៏បានរកឃើញថា ប្រជានេសាទវៀតណាម ០២នាក់បានស្លាប់ ខណៈ ០៥នាក់ផ្សេងទៀត បានសម្រេចចុះចាញ់ហើយចូលខ្លួន ឲ្យអាជ្ញាធរហ្វីលីពីនចាប់ខ្លួន៕