(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នានៅកណ្តាលទីក្រុងព្យុងយ៉ាង ដើម្បីធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងបរិបទដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងបង្កើនវោហាស័ព្ទធ្វើសង្រ្គាមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម KCNA ប្រជាជនកូរ៉េខាងជើងច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងសហរដ្ឋអាមេរិក នៅឯទីលាន Kim Il Sung កាលពីចុងសប្ដាហ៍កន្លងទៅ។ ជាមួយគ្នានោះ KCNA ផ្អែកលើការដកស្រង់សម្ដីពីមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង លោក រី អ៊ីលប៊ែ (Ri Il-bae) បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងរង់ចំាពេលវេលា នៃការសម្រេចចិត្តចុងក្រោយ ដើម្បី ប្រយុទ្ធកម្ចាត់ចក្រពត្តិបិសាចដូចជាសហរដ្ឋអាមេរិក ចេញពីពិភពលោក... ហើយឱ្យតែមានបញ្ជាពីមេបញ្ជាការកំពូល លោក គីម ជុងអ៊ុន ភ្លាមយើងនឹងបំផ្លាញពួកសត្រូវឈ្លានពានដោយ អាវុធបដិវត្តន៍របស់ពួកយើង»។
គួរបញ្ជាក់ថា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ នៅអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងចាត់វិធានការឆ្លើយតបក្នុងកំរិតខ្ពស់បំផុត ហើយថាតាមរយៈការព្រមាននេះ បង្ហាញយ៉ាងច្បាស់ថា ផ្លូវដែលប្រទេសរបស់លោកកំពុងដើរសព្វថ្ងៃគឺត្រឹមត្រូវបំផុត៕