(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងពិចារណាធ្វើការបង្កើន សមត្ថភាពកម្មវិធីការពារជាតិរបស់ខ្លួន មានឈ្មោះថា «អ័ក្សបី» តាមរយៈការផលិតនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរដោយផ្ទាល់ដៃ និងការទិញផ្កាយរណបឈ្លបយកការណ៍ទំនើបៗ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងជំនួបទ្វេភាគីលើកទី០២ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្តេជ្ញាពង្រឹងជំហរការពាររួមគ្នានៃប្រទេសទាំងពីរ ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង តាមរយៈការទិញ និងអភិវឌ្ឍន៍បរិក្ខាយោធា ក៏ដូចជាសព្វាវុធទំនើបៗរបស់ទីក្រុងសេអ៊ូល រួមទាំងការដាក់ពង្រាយអាវុធយុទ្ធសាស្រ្តអាមេរិក នៅលើទឹកដី និងជុំវិញប្រទេសកូរ៉េខាងត្បូងតែម្តង។
ពាក់ព័ន្ធនឹងបញ្ហាបង្កើនសមត្ថភាពយោធានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវគេរាយការណ៍ថា កំពុងគ្រោងនឹងផលិតនាវាមុជទឹក ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយខ្លួនឯងផ្ទាល់ ហើយអាចនឹងចំណាយលុយថែមទៀត ទៅលើសម្ភារៈស៊ើបការណ៍ រួមមានទាំងផ្កាយរណប និងយន្តហោះដ្រូនជាដើម ខណៈសព្វថ្ងៃយោធាកូរ៉េខាងត្បូង ពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ព័ត៌មានផ្កាយរណប ទាក់ទិននឹងមូលដ្ឋានមីស៊ីល ក៏ដូចជាទីតាំងធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តការពារជាតិ «អ័ក្សបី» របស់កូរ៉េខាងត្បូង ត្រូវបានលាតត្រដាងជាលើកដំបូង កាលពីចុងឆ្នាំ២០១៦ និងរួមមានសមាសធាតុផ្សំសំខាន់ៗចំនួន០៣គឺ គម្រោង Kill Chain ដើម្បីវាយប្រហារសង្រ្គប់ទៅលើសត្រូវ, គម្រោងការពារដែនអាកាស និងមីស៊ីល KAMD, និងគម្រោងវាយបកសងសឹកទ្រង់ទ្រាយធំ KMPR៕