(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដាក់បញ្ចូលកូរ៉េខាងជើង វេណេស៊ុយអេឡា និងឆាដ ទៅក្នុងបញ្ជីឈ្មោះជាប់បម្រាមការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ហើយដែលនេះអាចនឹងធ្វើឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចផុតពីការចោទប្រកាន់ថា លោកមានចេតនារឹតបន្តឹង ការធ្វើដំណើរតែទៅលើបណ្ដាប្រទេសអ្នកកាន់សាសនា អ៊ីស្លាមភាគច្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេតវិមាន លោក ដូណាល់ ត្រាំ បានចេញបញ្ជាថ្មីនេះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញ នូវព័ត៌មានជាច្រើនទទួលបានពីរដ្ឋាភិបាលបរទេសនានា។ លោក ត្រំា ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះដែរថា «ការធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព គឺជាអទិភាពទី១របស់ខ្ញុំ។ យើងមិនអាចទទួលមនុស្សទាំងនេះ ចូលក្នុងប្រទេសរបស់យើងឡើយ ពីព្រោះយើងមិនអាចចាត់ទុកថា វាមានសុវត្ថិភាព»។
ប្រទេសចំនួន៨ដែលជាប់បម្រាមរួមមាន៖ កូរ៉េខាងជើង, វេណេស៊ុយអេឡា, ឆាដ, អ៊ីរ៉ង់, លីប៊ី ស៊ីរី យ៉េមែន និងសូម៉ាលី ខណៈ ស៊ូដង់ និង អ៊ីរ៉ាក់ ត្រូវបានដកចេញពីការរឹតបន្តឹងការធ្វើដំណើរថ្មីនេះ។ បន្ថែមពីលើនេះផ្អែកបទបញ្ជាថ្មីនេះទៀតសោត មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមគ្រួសាររបស់ពួកគេ មិនអាចជាន់ដីអាមេរិកឡើយ រីឯប្រជាជនកូរ៉េខាងជើងទាំងអស់ក៏ត្រូវហាមឃាត់ដែរ ហើយការផ្ដល់ទិដ្ឋាការពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រជាជនឆាដ ត្រូវផ្អាកសិន។ ក៏ប៉ុន្តែបទបញ្ជានេះ ត្រូវរង់ចំាការសម្រេចពីតុលាការកំពូល នៅខែតុលាខាងមុខនេះ៕