(ប៊ែរឡាំង)៖ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ដែលជាក្បាលម៉ាស៊ីនក្រុមអ្នកភិរក្សនិយមនៅអាល្លឺម៉ង់ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យ ដើម្បីឆ្ពោះទៅរកការកាន់ដំណែងជាអធិការបតី ០៤ អាណត្តិជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០០៥ ខណៈគណបក្សក្រុមអ្នកជាតិនិយម បានបង្កើតប្រវត្តិសាស្ត្រថ្មីចូលអង្គុយក្នុងសភាអាល្លឺម៉ង់ (Bundestag)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមលទ្ធផលបោះឆ្នោត ក្រុមកម្លាំងនយោបាយចម្រុះរបស់ លោកស្រី Merkel គឺគណបក្ស CDU និង CSU ទទួលបានសំឡេងគាំទ្រ ៣២.៩ភាគរយ តែវាជាលទ្ធផលដ៏អាក្រក់ បំផុតនារយៈពេលជិត ៧០ឆ្នាំ មកនេះ បើទោះជាគណបក្សទាំងពីរនេះនៅតែរក្សាសំឡេងភាគច្រើន នៅក្នុងសភាដដែលក៏ដោយ។
ជាងនេះទៅទៀត គណបក្សដែលធ្លាប់តែជាដៃគូររបស់លោកស្រី គឺគណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដឹកនាំដោយ លោក ម៉ាទីន ស្កាល់ (Martin Schulz) ក៏ទទួលបានលទ្ធផលអាក្រក់ដែរ គិតចាប់តាំងពីឆ្នាំ១៩៤៩មក ដោយទទួលបានសំឡេងគាំទ្រ ត្រឹមតែ ២០.៨ភាគរយប៉ុណ្ណោះ ខណៈគណបក្សអ្នកជាតិនិយម AFD បានបង្កើតប្រវត្តិសាស្ត្រថ្មី នៅក្នុងការបោះឆ្នោតសភានេះ ជាមួយសំឡេងគាំទ្រ ១៣.១ភាគរយ និងក្លាយជាកម្លាំងនយោបាយធំទី០៣ នៅក្នុងប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា គេត្រូវរង់ចាំទាល់តែការបង្កើតក្រុមចំរុះថ្មីជាផ្លូវការចប់រួចរាល់សិន ទើបលោកស្រី Angela Merkel នឹងត្រូវបានតែងតាំងជាផ្លូវការ ជាអធិការបតីអាល្លឺម៉ង់នាអាណត្តិទី០៤ បន្តទៀត។ ក៏ប៉ុន្តែផ្អែកលើលទ្ធផលនៅពេលនេះ លោកស្រី Merkel មានការលំបាកណាស់ក្នុងការបង្កើតក្រុមចំរុះ ដើម្បីដឹកនាំរដ្ឋាភិបាល ត្បិតសូម្បីតែលោក Martin Schulz ក៏បាននិយាយដែរថា លទ្ធផលបោះឆ្នោតនេះ បង្ហាញពីការបញ្ចប់ក្រុមចំរុះដ៏ធំ ជាមួយលោកស្រី៕