(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅតំបន់ភាគកណ្តាលប្រទេសម៉ិចស៊ីកូ បានកើនឡើងដល់ ៣២០នាក់ហើយ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះនៅតែបន្តខិតខំស្វែងរក អ្នកដែលនៅជាប់ក្រោមគំនរបាក់បែកនៃអគារដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរម៉ិចស៊ីកូ មនុស្សជាងពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតខាងលើ គឺជាប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី (Mexico City) ដែលមានចំនួន ១៨០នាក់។ ចំណែកឯមនុស្សជាច្រើននាក់ទៀត ត្រូវគេជឿជាក់ថា កំពុងជាប់នៅក្រោមគំនរអគារ ដួលរលំដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យក្នុងរយៈពេលជាង ៣២ឆ្នាំមកនេះ។
គួររំលឹកថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រនៅក្នុងរដ្ឋ ភើប្លា (Puebla) ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូស៊ីធី បានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយ ចំគម្រប់ខួបនៃថ្ងៃដែល គ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៨.០រ៉ិចទ័រ បានផ្តាច់យកអាយុជីវិតមនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូកាលពីឆ្នាំ១៩៨៥៕