(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ ក្នុងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នៅតំបន់ភាគកណ្តាលប្រទេសម៉ិចស៊ីកូ បានកើនឡើងដល់ ៣០៥នាក់ហើយ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះ នៅតែបន្តខិតខំស្វែងរកអ្នកដែលនៅជាប់ក្រោមគំនរបាក់បែកនៃអគារដួលរលំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរម៉ិចស៊ីកូ មនុស្សជាងពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតខាងលើ គឺជាប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី (Mexico City)។ ចំណែកឯ មនុស្សប្រមាណ១១៥នាក់ ត្រូវបានគេរកឃើញ និងជួយសង្រ្គោះដោយសុវត្ថិភាពផងដែរ នៅក្នុងទីក្រុងម៉ិចស៊ីកូស៊ីធី។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជួយសង្រ្គោះ ក៏បានអះអាងដែរថាមកទល់ពេលនេះមនុស្ស៣០៥នាក់ ហើយបានស្លាប់ និងជាង២,៦០០នាក់រងរបួស។
គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រនៅក្នុងរដ្ឋ Puebla ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូស៊ីធី បានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយ ចំគម្រប់ខួបនៃថ្ងៃដែល គ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៨.០រ៉ិចទ័រ បានផ្តាច់យកអាយុជីវិតមនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូកាលពីឆ្នាំ១៩៨៥៕