(ម៉ិចស៊ីកូ)៖ ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្រ្តអាមេរិក បានឲ្យដឹងថា ក្រៅពីគ្រោះរញ្ជួយដីផែនដីកម្រិត៥.៨រ៉ិចទ័រ កាលពីប៉ុន្មានម៉ោងមុននេះ ហេតុការណ៍រញ្ជួយផែនដីថ្មីមួយផ្សេងទៀត មានកម្រិត៦.២រ៉ិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសម៉ិចស៊ីកូម្តងទៀត បន្ទាប់ ពីតំបន់ភាគកណ្តាលទើបតែទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសាររញ្ជួយដីកម្រិត៧.១រ៉ិចទ័រ កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russia Today នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា មកទល់ថ្ងៃសៅរ៍នេះ គ្រោះរញ្ជួយដីដ៏កក្រើក ដែលបានអង្រួនតំបន់ភាគកណ្តាលម៉ិចស៊ីកូ កាលពីថ្ងៃអង្គារកន្លងទៅ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់២៩៥នាក់ហើយ ដោយក្នុងចំណោមនោះ ចំនួនសាកសពជាងពាក់កណ្តាល គឺស្ថិតនៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី។
ដោយឡែក ជុំវិញហេតុការណ៍រញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ និងកម្រិត៦.២រ៉ិចទ័រថ្មីនេះ ដែលបានកើតឡើងនៅចំភាគអាគ្នេយ៍នៃរដ្ឋ Oaxaca ភាគខាងត្បូង និងអង្រួនដល់រដ្ឋធានីម៉ិចស៊ីកូស៊ីធីនោះ ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា មានការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះបន្ថែមទៀតដែរ ឬយ៉ាងណានៅឡើយទេ គ្រាន់តែមានព័ត៌មានថា ពួកវាបានធ្វើឲ្យអគារមួយចំនួនយោលទៅមក និងមនុស្សជាច្រើននាក់ភ័យត្លក់ស្លុត ហើយរត់ចេញពីក្នុងអគារ មកទីវាលខាងក្រៅ៕