(ញូដេលី)៖ អ្នកដឹកនាំរឿងឥណ្ឌាមួយរូបរបស់ក្រុមហ៊ុន Bolloywood ដ៏ល្បីល្បាញទាំងក្នុង និងក្រៅប្រទេសនោះ ត្រូវប៉ូលិសចាប់ខ្លួនហើយ នៅក្នុងករណីចោទប្រកាន់លោកថា បានរំលោភផ្លូវភេទលើតួសំដែងស្រី និងថតរូបអាក្រាតរបស់នាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកដឹកនាំរឿងខាងលើនេះ មានឈ្មោះ ការីម ម៉ូរ៉ានី (Karim Morani) ជាផលិកររបស់ក្រុមហ៊ុនសាខារបស់ Bollywood ដែលមានឈ្មោះថា Chennai Express movie ត្រូវបានចោទប្រកាន់ថា បានរំលោភតួស្រីដែលចូលរួមសម្តែងដោយស្ម័គ្រចិត្តជាច្រើនលើក និងធ្លាប់បានថតរូបអាក្រាតជាច្រើនរបស់នាងថែមទៀត កាលពីឆ្នាំ២០១៥។
តាមសារព័ត៌មានឥណ្ឌា លោក Karim ត្រូវបានចាប់ខ្លួន កាលពីពាក់កណ្តាលយប់ថ្ងៃសុក្រ ក្រោយតុលាការចេញដីកាលុបចោល ការធានានៅក្រៅឃុំរបស់អ្នកដឹកនាំខ្សែភាពយន្តរូបនេះ។
គួរបញ្ជាក់ថា ករណីរំលោភបំពានផ្លូវភេទនៅឥណ្ឌា បានក្លាយជាចំណុចក្តៅខ្លាំងទាំងក្នុងស្រុក និងក្រសែភ្នែកអន្តរជាតិ ចាប់តាំងពីបានផ្ទុះករណីរំលោភបូកយ៉ាងកំរោល ពីសំណាក់ក្រុមជនទំនើង ទៅលើនារីពេទ្យម្នាក់កាលពីឆ្នាំ២០១២ ដែលបានបណ្តាលឲ្យនាងបាត់បង់ជីវិតយ៉ាងខ្លោចផ្សាបំផុត។ ចាប់តាំងពីពេលនោះមក ករណីរំលោភជាច្រើនករណីបានផ្ទុះឡើង និងនាំឲ្យសង្គមនៃប្រជាជនជាង ១,២០០លាននាក់នេះ មានការរិះគន់ចំពោះសីលធម៌សង្គមធ្លាក់ចុះ និងចំណាត់ការមិនសូវមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល៕