(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង ចេញផ្សាយនៅមុននេះបន្តិចថា ទីភ្នាក់ងារភូមិសាស្ត្រចិនបានចាប់បានរលកសញ្ញារញ្ជួយដីកម្រិត ៣.៤រ៉ិចទ័រ កើតមានឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ដែលនាំឲ្យគេសង្ស័យថា កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន ឬក៏នុយក្លេអ៊ែរជាមិនខាន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
ប្រសិនបើករណីខាងលើនេះ ពិតជាការធ្វើតេស្តបំផ្ទុះគ្រាប់បែកមែននោះ វាប្រាកដណាស់ថា បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីតំណាងកូរ៉េខាងជើងនៅ UN បានព្រមានថា ទីក្រុងព្យុងយ៉ាងនឹងបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន តទល់នឹងទណ្ឌកម្មរបស់អន្តរជាតិបន្ថែមមកលើប្រទេសនេះ ដែលធ្វើឡើងតាមការទាមទាររបស់អាមេរិក ហើយវាក៏បានកើតឡើងនៅថ្ងៃតែមួយផងដែរ បន្ទាប់ពីប្រទេសចិនបានប្រកាសដាក់កំហិត លើការនាំចេញប្រេងទៅកូរ៉េខាងជើង និងហាមឃាត់ទំនិញសំខាន់ៗមួយចំនួន ពីកូរ៉េខាងជើងចូលមកប្រទេសចិន។
គួរបញ្ជាក់ថា រញ្ជួយដីនៅកូរ៉េខាងជើង ដែលត្រូវបានប្រទេសចិនចាប់សញ្ញាបាននេះ មានកម្រិត ៣.៤រ៉ិចទ័រ និងញ័រចេញពីជម្រៅដី ០គីឡូម៉ែត្រ កើតឡើងកាលពីវេលាម៉ោង ១៦៖២៩នាទី ម៉ោងនៅទីក្រុងប៉េកាំង ប៉ុន្តែទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា ការរញ្ជួយដីខាងលើនេះនៅកូរ៉េខាងជើង អាចជាគ្រោះធម្មជាតិច្រើនជាង៕