(អូតាវ៉ា)៖ កាណាដាដែលជាអ្នកក្បែរខាងរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មទៅលើ បុគ្គលវេណេស៊ុយអេឡាចំនួន ៤០រូប ដោយក្នុងនោះរួមមានទាំងប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកាណាដា នៅក្រោមច្បាប់ចំណាត់ការសេដ្ឋកិច្ចពិសេស រដ្ឋាភិបាលអូតាវ៉ា នឹងធ្វើការដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលទាំងឡាយណា ដែលបានចូលរួមដើរតួនាទីសំខាន់ៗ នៅក្នុងការបំផ្លិចបំផ្លាញ សន្តិសុខ, ស្ថិរភាព, និងបូរណភាព បណ្តាស្ថាប័នប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡា។
វិធានការថ្មីនេះ រួមមានទាំងការបង្កកទ្រព្យសម្បត្តិរបស់ជនទាំងឡាយ ដែលមានឈ្មោះក្នុងបញ្ជី និងការហាមឃាត់មិនឲ្យជនជាតិកាណាដា ធ្វើការទាក់ទង ឬផ្តល់សេវាហិរញ្ញវត្ថុ ក៏ដូចជាសេវាពាក់ព័ន្ធដទៃៗទៀត ដល់ពួកគេទាំងនោះឡើយ ទោះបីជាក្នុងទម្រង់ណាក៏ដោយ។
រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Chrystia Freeland បានថ្លែងថា «ការប្រកាសពីទណ្ឌកម្មនេះ ប្រឆាំងនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងច្បាស់ ពីការប្តេជ្ញាដ៏មុតមាំរបស់យើង ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅជុំវិញពិភពលោក។ កាណាដា នឹងឈរដោយសាមគ្គីភាពជាមួយ ប្រជាពលរដ្ឋវេណេស៊ុយអេឡា ខណៈពួកគេកំពុងប្រឈមទុក្ខលំបាក ដើម្បីធ្វើការស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ពួកគេឲ្យរស់ឡើងវិញ»។
គួរបញ្ជាក់ថា ប្រទេសកាណាដាជាច្រើនលើកច្រើនសា បានទទូចឲ្យរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ស្តារសណ្តាប់ធ្នាក់រដ្ឋធម្មនុញ្ញឡើងវិញ ហើយដោះលែងរាល់អ្នកទោសនយោបាយ នៃប្រទេសអាមេរិកឡាទីនមួយនេះ ចាប់តាំងតែពី លោក ម៉ាឌូរ៉ូ បានបង្កើតឲ្យមានការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅ ដើម្បីបង្កើសភាធម្មនុញ្ញថ្មី។ ដោយឡែកចំពោះការដាក់ទណ្ឌកម្មនេះ ពុំទាន់មានការអត្ថាធិប្បាយឆ្លើយតបណាមួយ ពីរដ្ឋាភិបាលវេណេស៊ុយអេឡានៅឡើយទេ៕