(ប៉េកាំង)៖ ចិនកំពុងចាប់ផ្តើមដាក់កំហិតទៅលើការនាំចេញប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង និងផ្អាកការនាំចូលវាយនភណ្ឌពីរដ្ឋកុម្មុយនិស្តមួយនេះ ដោយអនុឡោមតាមដំណោះស្រាយទណ្ឌកម្ម ដែលទើបតែបានដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ខ្លួននឹងអនុវត្តន៍តាមដំណោះស្រាយលេខ 2375 របស់ UNSC ដោយបញ្ឈប់ការនាំចេញឧស្ម័នធម្មជាតិប៉ុន្មានប្រភេទ ទៅកាន់កូរ៉េខាងជើង គិតចាប់ពីថ្ងៃសៅរ៍នេះតទៅភ្លាមៗតែម្តង ហើយដាក់កំហិតទៅលើការនាំចេញផលិតផលប្រេងដែលចម្រាញ់រួច ចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខ។ ព្រមជាមួយគ្នាបំរាមហាមឃាត់ចំពោះការនាំចូលវាយនភណ្ឌ ពីប្រទេសកូរ៉េខាងជើង ក៏នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃសៅរ៍នេះទៅផងដែរ។
គួរបញ្ជាក់ថា វាយនភណ្ឌគឺជាប្រភពប្រាក់ចំណូលបរទេស ដ៏សំខាន់និងចុងក្រោយមួយ របស់កូរ៉េខាងជើង ក្រោយពីទីក្រុងព្យុងយ៉ាងបានទទួលរងទណ្ឌកម្ម ជាបន្តបន្ទាប់ពី UN ហើយនៅក្រោមទណ្ឌកម្មទាំងនោះ ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងជើង បានកាត់ផ្តាច់ការទិញយកធ្យូងថ្ម, ដែក, រ៉ែ, គ្រឿងសមុទ្រ, និងទំនិញផ្សេងៗទៀតជាដើម។
គួរជម្រាបបន្ថែមថា ចិនទទួលបន្ទុកប្រមាណ ៩០ភាគរយ នៃវិស័យពាណិជ្ជរបស់កូរ៉េខាងជើង ដែលជាហេតុនាំឲ្យកិច្ចសហប្រតិបត្តិ របស់មហាយក្សនៅអាស៊ីមួយនេះ មានសារៈសំខាន់ជាខ្លាំង នៅក្នុងកិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង៕