(វ៉ាស៊ីនតោន)៖ យានអវកាស «អូសាយរីស-រិច (OSIRIS-REx)» របស់អង្គការ NASA ដែលមានគោលដៅឆ្ពោះទៅអាចម៍ផ្កាយនោះ បានវិលត្រឡប់មកកៀកផែនដី ហើយបានប្រើប្រាស់កម្លាំងទំនាញនៃភពរបស់យើង ដោយជោគជ័យ ដើម្បីរុញច្រានខ្លួនវាកាន់តែលឿនថែមទៀត នៅលើដងវិថីឆ្ពោះទៅកាន់អាចម៍ផ្កាយដ៏ធំមួយដុំ មានឈ្មោះថា «បេណនូ (Bennu)»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
ការត្រឡប់មកលាភពផែនដីជាលើកទីពីរនេះ ធ្វើឡើងនៅរយៈចម្ងាយប្រមាណ ១៧,២៣៧គីឡូម៉ែត្រប៉ុណ្ណោះ ពីលើទ្វីបអង់តាក់ទិក នៅចុងភាគខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង។ បើតាមសេចក្តីថ្លែងការណ៍របស់ NASA យាន OSIRIS-REx មិនបានទៅហើយមកវិញ ដោយសារតែវាកើតជំងឺនឹកផ្ទះនោះឡើយ ដោយការហោះ Flyby នាពេលថ្មីៗនេះ ត្រូវបានរចនាឡើង ដើម្បីបង្កើនល្បឿន និងកែសម្រួលផ្លូវធ្វើដំណើរ របស់យានអវកាសនេះ ទៅកាន់អាចម៍ផ្កាយ Bennu ដែលមានមុខកាត់ ៥០០ម៉ែត្រ ដែលកំពុងវិលជុំវិញព្រះអាទិត្យ។
បច្ចេកទេស «ជំនួយកម្លាំងទំនាញ» នេះ គឺជារឿងនិយមធ្វើឡើងណាស់ នៅក្នុងបេសកកម្មទៅកាន់ភពនានា តួយ៉ាងយានអវកាស Juno របស់ NASA ដែលស្រាវជ្រាវភព្រហស្បតិ៍ (Jupiter) បានហោះកាត់ផែនដីជាថ្មីម្តងទៀត កាលពីខែតុលា ឆ្នាំ២០១៣ ពោលគឺជាង ០២ឆ្នាំ ក្រោយពីវាត្រូវបានបាញ់បង្ហោះ ហើយបង្កើនល្បឿនបានប្រមាណ ១៤,២០០គីឡូម៉ែត្រ/ម៉ោង តាមរយៈការធ្វើបែបនោះ។ ដោយឡែកសម្រាប់ការហោះ Flyby របស់ OSIRIS-REx មកកៀកផែនដីវិញ បានបង្កើនល្បឿនបន្ថែម ១៣,៦០១គីឡូម៉ែត្រក្នុង/ម៉ោង។
គួរបញ្ជាក់ថា បេសកកម្មយាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវធ្វើដំណើរផ្សងព្រេងរយៈពេល ០៧ឆ្នាំ ដើម្បីទៅជួបជាមួយ ក៏ដូចជាសិក្សា រួមទាំងត្រឡប់ជាមួយគំរូតាង (Sample) នៃអាចម៍ផ្កាយ Bennu មកកាន់ផែនដីវិញ។
បើសិនជាអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក OSIRIS-REx នឹងទៅដល់គោលដៅនៅខែសីហា ឆ្នាំ២០១៨ រួចហើយចំណាយពេល ០២ឆ្នាំបន្ទាប់ ថតយករូបភាព និងគូសវាសផែនទី នៃផ្ទៃរបស់អាចម៍ផ្កាយ Bennu ដើម្បីបង្កើនការយល់ដឹង ពីសមាធាតុផ្សំគីមី និងរ៉ែរបស់វា រួមទាំងធ្វើការជ្រើសទីតាំងសម្រាប់ធ្វើការប្រមូលយក Sample មកវិញផងដែរ។
ក្រោយមក ដល់ខែកក្កដា ឆ្នាំ២០២០ OSIRIS-REx នឹងប៉ះជាមួយអាចម៍ផ្កាយនោះ ក្នុងអំឡុងពេលត្រឹមតែ ០៣វិនាទីប៉ុណ្ណោះ ដើម្បីប្រមែប្រមូលយក កម្ទេចថ្ម និងធូលីសរុបយ៉ាងតិចទម្ងន់ ៦០ក្រាម តាមរយៈឧបករណ៍ពិសេសមួយ ហើយរក្សាទុកសារធាតុទាំងនោះនៅក្នុងកន្លែងស្តុក Sample។ យានអវកាសនេះ នឹងចាកចេញពី Bennu នៅខែមីនា ឆ្នាំ២០២១ ហើយធ្វើដំណើរក្នុងលំហអវកាស សម្រាប់រយៈពេល ០២ឆ្នាំកន្លះ ក្នុងគន្លងឆ្ពោះមកកាន់ផែនដីវិញ នៅខែកញ្ញា ឆ្នាំ២០២៣។
ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថាគំរូ Sample នៃអាចម៍ផ្កាយដ៏ចំណាស់នេះ នឹងជួយក្រុមអ្នកវិទ្យាសាស្រ្ត យល់ដឹងកាន់តែទូលំទូលាយ អំពីការចាប់កំណើតនៃប្រព័ន្ធព្រះអាទិត្យរបស់យើង កាលពីជាង ៤.៥ពាន់លានឆ្នាំមុន៕