(ឈីកាហ្គោ)៖ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់អាមេរិក Boeing បានប្រកាសនៅក្នុងវែបសាយរបស់ខ្លួនថា ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines នឹងធ្វើការបញ្ជាទិញយន្តហោះប្រភេទ 787-9 Dreamliners ចំនួនសរុប ៤០គ្រឿង ដែលមានតម្លៃក្នុងការចុះកិច្ចព្រៀមចំនួន ១១ពាន់លានដុល្លារអាមេរិក ខណៈប្រធានាធិបតី លោក តាយយីព អេដូហ្គាន់ (Tayyip Erdogan) បានមកបំពេញទស្សនកិច្ចនៅអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនរដ្ឋតួកគីខាងលើនេះ នឹងត្រូវសម្រេចឡើងក្នុងពេលឆាប់ៗ ដោយយន្តហោះប្រភេទ Dreamliners គឺស្ថិតនៅក្នុងលំដាប់ស្តង់ដារជួរមុខ ដែលប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយលើលោក។ អាកាចរណ៍តួកគីបានអះអាងថា ការគ្រោងបញ្ជាទិញពេលនេះ គឺតបទៅតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន ដែលចង់បានយន្តហោះប្រភេទធំទូលាយជាងមុន ហើយនេះក៏ជាគោលការណ៍របស់ក្រុមហ៊ុន ដែលចង់បង្កើនសមត្ថភាពដឹកជញ្ជូន និងសេវាកម្មដ៏ល្អដល់អ្នកដំណើររបស់ខ្លួន។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីរបស់ លោក Erdogan បានបង្ហាញពីគោលដៅជួរមុខរបស់ខ្លួនសម្រាប់អភិវឌ្ឍន៍វិស័យអាកាសចរណ៍ឆ្នាំ២០២៣ ក្នុងនោះការទិញយន្តហោះពី Boeing ក៏ស្ថិតនៅក្នុងរបៀបវារៈ ដែលមេដឹកនាំរូបនេះបានរៀបចំរួចជាស្រេចមកហើយផងដែរ៕