(ប៉ារីស)៖ ប្រទេសបារាំងកំពុងធ្វើការពិចារណា មិនចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកដូវរងារ (Winter Olympics) ឆ្នាំនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅស្រុកព្យុងចាង (Pyeongchang) នៃប្រទេសកូរ៉េខាងត្បូង ដោយសារតែក្តីកង្វល់លើបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកស្រី ឡូរ៉ា ហ្វ្លែសសេស (Laura Flesses) រដ្ឋមន្រ្តីកីឡានៃប្រទេសបារាំង បានឲ្យដឹងថា ក្រុមកីឡាករបារាំង នឹងមិនធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តការណ៍ Winter Olympics ឆ្នាំ២០១៨ នៅក្នុងស្រុក Pyeongchang ជាដាច់ខាត ប្រសិនបើសន្តិសុខសុវត្ថិភាព នៅទីនោះ មិនអាចត្រូវធានាបានទាំងស្រុងទេនោះ ដោយលោកស្រីបាននិយាយដូច្នេះថា «យើងនឹងមិនបណ្តោយឲ្យក្រុមរបស់យើង ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ»។
ជាមួយគ្នានេះដែរ មន្ទិលសង្ស័យបានកើតមានឡើង ជាយូរណាស់មកហើយថា ប្រទេសមួយចំនួន នឹងសម្រេចចិត្តមិនបោះបង ចោលការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានេះ ដែលគ្រោងនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ស្រុក Pyeongchang ស្ថិតនៅកៀកនឹងព្រំដែនជាមួយ ប្រទេសកូរ៉េខាងជើង ដែលនាពេលថ្មីៗ បានសម្តែងរិទ្ធិអំណាចយោធារបស់ខ្លួន យ៉ាងខ្លាំងក្លាឥតសំចៃ។
ទោះជាបែបនេះក្តី លោក លី ហ៊ីបឺម (Lee Hee-beom) ប្រធានគណៈកម្មាធិការរៀបចំកីឡានៃស្រុក Pyeongchang បានបញ្ជាក់ថា អ្នករាល់គ្នាមិនគួរមានក្តីព្រួយបារម្ភអំពីកូរ៉េខាងជើងនោះឡើយ ពីព្រោះថាកូរ៉េខាងជើង ក៏ទំនងជានឹងបញ្ជូនក្រុមអត្តពលិករបស់ខ្លួន ឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះផងដែរ បន្ទាប់ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការជំរុញលើកទឹកចិត្ត ឲ្យកូរ៉េខាងជើងចូលរួម៕