(យូអិន)៖ សមាជិកចំនួន ០៧ នៃក្រុមប្រឹក្សាសន្តិសុខ UN រួមមានទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ បានស្នើដល់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរែស (Antonio Guterres) ឲ្យធ្វើការណែនាំជាសាធារណៈ ដល់ក្រុមប្រឹក្សា សន្តិសុខ ឬ UNSC ដែលមានសមាជិកចំនួន ១៥ប្រទេសនេះ នាសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពួកគេបានចាត់ទុកថា គឺជាអំពើហិង្សាបង្កប់ចេតនា កម្ចាត់ជនជាតិដើមភាគតិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
ស៊ុយអែត សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អេហ្ស៊ីប សេណេហ្គាល់ និងកាហ្សាក់ស្ថាន មានបំណងចង់ឲ្យអេត្យូពី ដែលជាប្រធានរបស់ក្រុមប្រឹក្សា UNSC សម្រាប់ខែកញ្ញានេះ រៀបចំការថ្លែងសារណែនាំជាសាធារណៈខាងលើ នៅសប្តាហ៍ក្រោយ។ ជុំវិញរឿងនេះ អនុប្រធានាធិបតីអាមេរិក លោក មៃ ភែន (Mike Pence) បានឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឲ្យ UNSC ចាត់វិធានការសកម្មភាពដែលខ្លាំងនិងរហ័ស ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា។
ម៉្យាងវិញទៀត ក្រុមប្រឹក្សាសន្តិសុខ UN បានជួបគ្នាដោយមិនបើកចំហចំនួន ០២លើក រួចមកហើយ ចាប់តាំងតែពីវិបត្តិជនដើមមូស្លីមរ៉ូហ៊ីងយ៉ាចាប់ផ្តើម ហើយកាលពីសប្តាហ៍កន្លងទៅ UNSC ក៏បានចេញសេចក្តីថ្លែងការណ៍មិនផ្លូវការមួយ ថ្កោលទោសស្ថានការណ៍ដ៏យ៉ាប់យឺននេះ និងទទូចឲ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាជាបន្ទាន់ផងដែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង ៤២២,០០០នាក់ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក នៅពេលដែលការលួចវាយប្រហារដោយ ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានបង្កឲ្យមានប្រតិបត្តិការយោធាវាយបកសងសឹក ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា៕