(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់ ក្នុងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ នាសប្តាហ៍នេះ នៅតំបន់ភាគកណ្តាលប្រទេសម៉ិចស៊ីកូ បានកើនឡើងដល់ ២៩៥នាក់ហើយ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះនៅតែបន្តខិតខំស្វែងរកអ្នក ដែលនៅជាប់ក្រោមគំនរបាក់បែកនៃអគារដួលរលំ ហើយអាចនៅរស់រានមានជីវិត ទោះបីជាវាបានកន្លងផុតទៅអស់រយៈពេល ០៤ថ្ងៃហើយក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
អាជ្ញាធរម៉ិចស៊ីកូបានឲ្យដឹងថា មនុស្សជាងពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតខាងលើ ពោលគឺ ១៥៧នាក់ បានស្លាប់នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី (Mexico City) ។ ទន្ទឹមនឹងគ្នានេះដែរ មនុស្សប្រមាណ ១១៥នាក់ ក៏ត្រូវបានគេរកឃើញ និងជួយសង្រ្គោះដោយសុវត្ថិភាពផងដែរ នៅក្នុងទីក្រុងម៉ិចស៊ីកូស៊ីធី។ ដោយឡែកក្រៅពីរដ្ឋធានី នៃប្រទេសម៉ិចស៊ីកូ មនុស្សចំនួន ៧៣នាក់ បានបាត់បង់ជីវិតនៅរដ្ឋម៉ូរេឡូស (Morelos), ៤៥នាក់ នៅរដ្ឋភឺប្លា (Puebla), ១៣នាក់ នៅរដ្ឋម៉ិចស៊ីកូ (Mexico State), ០៦នាក់ នៅរដ្ឋហ្គឺរេរ៉ូ (Guerrero), និងម្នាក់នៅរដ្ឋអូសាខា (Oaxaca)។
គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រនៅក្នុងរដ្ឋ Puebla ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូស៊ីធី បានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយចំគម្រប់ខួបនៃថ្ងៃដែល គ្រោះរញ្ជួយដីដ៏សាហាវកម្រិត ៨.០រ៉ិចទ័រ បានផ្តាច់យកអាយុជីវិតមនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូកាលពីឆ្នាំ១៩៨៥៕